ភ្នំពេញ៖ កាលពីព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភ: ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកឲ្យមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺពិតប្រាកដដែលយើងកំពុងប្រឈមមុខជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរចម្រុះជាតិសាសន៍ជាង២២០០ នាក់ដែលបានបដិសេធដោយប្រទេសនិងកោះចំនួន៦ មិនឲ្យចូលចត ដែលនៅក្នុងនាវាដ៏ធំនេះក៏មានពលរដ្ឋអាមេរិកជាង៦០០នាក់ផងដែរ ដែលបានសុំចូលចតនៅកោះ Guam ដែលជាទឹកដីកោះមួយផ្នែករបស់សហរដ្ឋអាមេរិក ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលចតដែរ។ តើយ៉ាងម៉េចបានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះសម្រេចបែបនេះទៅរួច? ពិភពលោកអាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ធិរស់រានមានជីវិតគ្មានផងនោះ?
ការសម្រេចចិត្តរបស់កម្ពុជាក្នុងការទទួលនាវាទេសចរណ៍ MS Westerdam ឲ្យចូលចតនៅក្រុងព្រះសីហនុក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៌ដោយគ្មានការរើសអើងជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់ នូវសិទ្ធិរស់រានមានជីវិតដល់មនុស្សជាតិ ដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវរបស់កម្ពុជា គឺមនុស្សភាគច្រើននៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកាមនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការសុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួនអ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យសុខភាពថាគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេមិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះបានមកទីសុវត្ថិភាពក្នុងប្រទេសយើងហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ហើយក្នុងពេលអញ្ជើញទទួលអ្នកដំណើរទេសចរទាំងអស់នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុកមេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញតឲ្យចូលកម្ពុជាឲ្យបានលឿនមុនគេបំផុត ហើយនាំទៅកន្លែងមានសុវត្ថិភាព ដើម្បីផ្តល់ការមើលថែនិងព្យាបាលឲ្យបានទាន់ពេលវេលាដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនឲ្យមេរោគឆ្លងរាលដាលទៅអ្នកដទៃទៀត ដូចដែលបានកើតឡើងនៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះ គឺទើបសម្រេចយកអ្នកទេសចរចេញពីនាវាដោយសារមានអ្នកឆ្លងមេរោគកូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗរហូតដល់៣៥៦ នាក់។
បើកម្ពុជាមិនទទួលនាវានេះឲ្យចូលចតទេ ម៉្លេះមកទល់ពេលនេះមិនដឹងជារសាត់អណ្តែតទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់នៃជីវិតពួកគេនឹងត្រូវបូជានៅលើកប៉ាល់ ឬបោះទម្លាក់ចោលក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធមិនទទួលពួកគេឲ្យចូលចត? តែកម្ពុជាមិនអាចបិទភ្នែកទុកឲ្យពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវបានគេមើលងាយនិងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់អំពីអារម្មណ៍បែបនេះ ចំពោះអ្នកទេសចរទាំងអស់នោះ។ យើងទាំងអស់គ្នានិយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើងគឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុកំពុងនាំទៅដល់ការបំផ្លាញសិទ្ធិមនុស្សពិតប្រាកដ។
បើតាមគម្រោងដែលបានគិតក្នុងការជួយដល់អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងទីក្រុងភ្នំពេញ បានចាកចេញពីកម្ពុជាហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំ នៅក្នុងនាវាទេសចរណ៍ក្នុងខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់នឹងត្រូវដាក់ឲ្យពិនិត្យសុខភាពយ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាតឲ្យមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចតរយៈពេលវែងយ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាសឲ្យនាវាទេសចរណ៍នេះបន្តស្នាក់នៅកម្ពុជាដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែនសមុទ្រកម្ពុជាដែរ។
កម្ពុជាទទួលខុសត្រូវលើកិច្ចការដែលខ្លួនកំពុងធ្វើឲ្យបានហ្មត់ចត់និងល្អបំផុត ហើយបន្តសហការជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយតម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ធិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថា ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេប្រសិនបើត្រូវការកម្ពុជា គឺ សម្តេចតេជោ នឹងចូលរួមដោយមិនរារែកឡើយ៕ដោយ៖កូឡាប