ភ្នំពេញ៖ កាលពីព្រកមិញថ្ងៃទី ១៧ ខែ កុម្ភៈ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០ នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Ms Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍ឲ្យចតនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២០។
ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ ទៅលើទេសចរណ៍មួយចំនួនដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា)នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអ្នកទេសចរចំនួន ៥០០ នាក់បានមកស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខាទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រយន្តហោះចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់ឲ្យសាលាក្រុងភ្នំពេញសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្តដឹកអ្នកទេសចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញ បានទស្សនារាជធានីភ្នំពេញ ដែលល្អប្រសើរជាងទុកពួកគេឲ្យរស់នៅតែក្នុងបន្ទប់សណ្ឋាគារពោរពេញ ដោយអារម្មណ៍តប់ប្រមល់ភ័យខ្លាច ដែលពួកគេអាចយកពេលវេលារង់ចាំនេះ បានលំហែអារម្មណ៍សប្បាយរីករាយនៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេសនិងប្រជាពលរដ្ឋខ្មែរយើង កាន់តែច្រើនថែមទៀត។
ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជា ចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា MS Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេចតេជោក៏គ្រោងនឹងអញ្ជើញមន្រ្តីតំណាងទូត នៃប្រទេសនីមួយៗដែលមានពលរដ្ឋរបស់ខ្លួន កំពុងជាប់នៅកម្ពុជាក្នុងនាវាទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗ ដើម្បីជួយពលរដ្ឋខ្លួនឲ្យឆាប់បានវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ។
ពិតណាស់ ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាព ក្នុងទឹកដីកម្ពុជាហើយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ច្បាស់ណាស់ថា បើសាមីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ៕ដោយ៖កូឡាប