ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ចំនួន ១.៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីម្សិលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយជាមួយនឹងព័ត៌មាន អំពីប្រទេសចិន ដែលបានប្រកាសថា បានរកឃើញឱសថដែលអាចព្យាបាលជំងឺ បង្កដោយមេរោគកូវីដ១៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។ ប្រសិនបើឱសថនេះ អាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ នេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយនឹងចូលរួមរំលែកទុក្ខ ជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួន ដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិត ដោយសារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ ១៩ (Covid-19) នេះ។
ក្នុងនាម សម្តេចតេជោជាប្រមុខដឹកនាំកម្ពុជា សម្តេចសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់មិត្តចិន ដែលបានយកចិត្តទុកដាក់ជួយមើលថែរក្សា ដល់និស្សិតកម្ពុជាដែលកំពុងរស់នៅនឹងសិក្សា នៅប្រទេសចិនរួមទាំងនៅតំបន់វ៉ូហាន ដែលមាននិស្សិត ២៣នាក់ ដែលពួកគេមានសុខភាពល្អណាស់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ មានការសោកស្តាយដែលមានជនអគតិមួយចំនួន បានប្រឌិតព័ត៌មានមិនពិតថាមាននិស្សិតកម្ពុជាយើង នៅវ៉ូហានស្លាប់ម្នាក់ ហើយពួកខិលខូចទាំងនេះ ក៏បានប្រឌិតរឿងអកុសលកុហក់បោកប្រាស់បន្ថែមទៀតថា នៅពេលនេះ សម្តចតេជោនាយករដ្ឋមន្រ្តី កំពុងឈឺធ្ងន់ដោយសារឆ្លងមេរោគកូវីដ១៩ (Covid-19) ការប្រមាថរបស់ជនអគតិទាំងនេះ មិនបានអ្វីក្រៅពីទទួលត្រឡប់ទៅវិញ នូវផលនៃអំពើអាក្រក់របស់ខ្លួនឡើយ៕ដោយ៖កូឡាប