អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Pegasus Airlines (ទួកគី) បានពិនិត្យឃើញបាតុតភូតខុសប្រក្រតី គ្រាកំពុងចុះសំចននៅលើផ្លូវនៃព្រលានយន្តហោះ Trabzon។
តាម AFP ក្នុងរបាយការណ៍ផ្ញើរជូនអយ្យការ Trabzon ទាក់ទិនដល់ករណីយន្តហោះដឹកអ្នកដំណើរជាង ១៦០នាក់ រអិលចេញពីផ្លូវចុះចតនោះ នៅថ្ងៃទី ១៣ ខែមករា (ម៉ោងតំបន់) នាយបញ្ជាការហោះហើរ និងនាយរងបញ្ជាយន្តហោះនេះ ឲ្យដឹងថា ពេលចុះសំចននៅផ្លូវ គ្រឿងម៉ាស៊ីនខាងស្តាំរបស់យន្តហោះ ស្រាប់តែបង្កើនល្បឿនខុសធម្មតា ដោយពុំដឹងពីមូលហេតុ។
បញ្ជាការជើងហោះហើរ PC 8622 នេះ ឲ្យដឹងបន្ថែមថា ៖ “ពេលយើងខ្ញុំអនុវត្តការបន្ថយល្បឿនដើម្បីចុះចតដូចធម្មតា ស្រាប់តែម៉ាស៊ីនខាងស្តាំរបស់យន្តហោះវាបង្កើនល្បឿនយ៉ាងប្រថុចញ៉ុច ដោយសារមូលហេតុអ្វី១នោះ ហើយការបង្កើនល្បឿនប្រថុចញ៉ុចបែបនេះ យន្តហោះបានបាត់បង់ការគ្រប់គ្រងទាញចង្កូតទៅខាងឆ្វេង រួចស្ទុះទៅកាន់មាត់ជ្រោះ”។
តាមរូបភាពដែលសារព័ត៌មាន Dogan បង្ហោះផ្សាយឲ្យឃើញថា គ្រឿងម៉ាស៊ីន១របស់យន្តហោះបានធ្លាក់ចុះសមុទ្រ។
ប្រភពពី Dogan ឲ្យដឹងថា មន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលរបស់ទួកគី នឹងធ្វើការពិនិត្យប្រអប់ខ្មៅរបស់យន្តហោះ ដើម្បីវាយតម្លៃពីមូលហេតុបង្កឲ្យមានព្រឹត្តិការណ៍ប៊ិះក្លាយជាសោកនាដកម្មអាកាសចរណ៍នៅដើមឆ្នាំ ២០១៨នេះ។
ទោះយ៉ាងណាអ្នកដំណើរ ១៦២នាក់ ព្រមទាំងអ្នកបើកបរ២រូប និងក្រុមពហុនិការ ៤រូប ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព៕ សូយន