ភ្នំពេញ៖ ជនជាតិអាឡឺម៉ង់ម្នាក់ មិនដឹងមានវិបត្តិអ្វីបានព្យាយាមលោតសម្លាប់ខ្លួនឯងពីលើអគារជាន់ទី៣ បណ្ដាលឲ្យបែកក្បាលនឹងបែកឆ្អឹងជាច្រើនកំណាត់រហូតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រលឹម ។
ករណីជនបរទេសលោតស្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃ អង្គារ ទី១៦ ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ២៦ ជាន់ទី៣ នៅតាមបណ្ដោយផ្លូវលេខ១៥ សង្កាត់ផ្សារកណ្ដាលទី១ ក្រុម៤៤ ភូមិ៤ ខណ្ឌដូនពេញ។ សាកសពជនរងគ្រោះឈ្មោះ គ្រីស ភេទប្រុស ជនជាតិអាឡឺម៉ង់ អាយុប្រហែល ២៦ទៅ ២៧ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅន្លែងកើតហេតុ បានឲ្យដឹងថា៖ កាលពីម្សិលមិញគេឃើញជនរងគ្រោះបានប៉ុនប៉ងលោតសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏នាំគ្នាឃាត់កុំឲ្យលោត រួចក៏ចូលទៅក្នុងផ្ទះសម្រាកបាត់ទៅ ។
ប្រភពដដែរបន្តទៀតថា លុះនៅវេលាម៉ោងថ្ងៃកើតហេតុខាងលើ ស្រាប់តែមិនដឹងជាយ៉ាងម៉េចជនរងគ្រោះបានឡើងបន្ទប់ជួលជាន់ទី៣របស់ខ្លួន ដែលទើបតែជួលបានមួយថ្ងៃ ក៏ធ្វើសកម្មភាពលោតពីលើអគារជាន់ទី៣ ម្តងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ការិយាល័យ វិទ្យាសាស្ត្រ-បច្ចេកទេសនគរបាលរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ វិភាគ សន្និដ្ឋានលើសាកសពនិងកន្លែងកើតហេតុ ទើបដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួនឯងមែន ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ យកទៅដម្កល់ទុកនៅមន្ទីពេទ្យរុស្សី ៕ ដោយ៖បញ្ញាស័ក្តិ