ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជិត២ឆ្នាំកន្លងមកនេះ សមត្ថកិច្ចរឹប អូសគ្រឿងញៀនបានជាង១តោន និងជំរុញឲ្យបង្ក្រាបគ្រឿងញៀននេះបន្ត ជាមួយនិងការអំពាវនាវដល់ស្ថាប័ន តុលាការជំរុញការបើកសវនាការ ជនសង្ស័យពាក់ព័ន្ធរកស៊ីជួញដូរគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងឡាយ ឲ្យសមស្រប ទាន់ពេលវេលា និងយុត្តិធម៌ ជៀសវាងកើតចេញជាការរិះគន់។
ការបញ្ជាក់និងអំពាវនាវបែបនេះ របស់សម្តេចក្រឡាហោម បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧កុម្ភៈ នៅសាលារាជធានីភ្នំពេញ ក្នុងឱកាសដែលសម្តេចក្រឡាហោម និងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលបានធ្វើឡើងអស់រយៈពេល២ថ្ងៃនេះ។
សម្តេចក្រឡាហោមស ខេង បានគូសបញ្ជាក់ថា ជិត២ឆ្នាំមកនេះ សមត្ថកិច្ចរបស់យើងបានរឹបអូសគ្រឿងញៀនបានជាង១តោន ខណៈកន្លែងធំៗត្រូវបានបង្ក្រាប ឯកន្លែងតូចគឺនៅសេសសល់ដែលត្រូវទប់ស្កាត់កុំឲ្យរីកធំ។ ត្រូវបន្តបំផ្លាញការលួចលាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទីតាំងតូច ឬការរៀបចំកន្លែងផលិត កន្លែងស្តុកជាដើម។
ក្នុងឱកាសនោះដែរ សម្តេចក៏បានអំពាវនាវដល់ស្ថាប័ន តុលាការជំរុញការបើកសវនាការ អ្នករកស៊ីជួញដូរគ្រឿងញៀន និងអ្នកពាក់ព័ន្ធទាំងឡាយ ឲ្យសមស្រប ទាន់ពេលវេលា និងយុត្តិធម៌ បើមិនដូច្នេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់ជំនឿ របស់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេងក៏បានជំរុញឲ្យអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត ខណៈអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនច្រើនរហូតដល់៥នាក់ក្នុងមួយថ្ងៃ ។ ការជំរុញឲ្យទប់ស្កាត់ បង្ការនិងស្រាវជ្រាវឲ្យដលឫសគល់នៃគ្រោះអគ្គិភ័យ ខណៈដែលប៉ុន្មានថ្ងៃជាប់គ្នានេះ មានអគ្គិភ័យឆាបឆេះជាច្រើនកន្លែង ហើយមានទ្រង់ទ្រាយធំថែមទៀត។
សម្តេចក្រឡាហោមស ខេង បានមានប្រសាសន៍
លើកឡើងទៀតថា មកដល់ពេលនេះ អ្នកដែលមានបំណងធ្វើសកម្មភាពបែបបដិវត្តន៍ពណ៌ មិនទាន់បោះបង់ចោលនៅឡើយទេ។ សម្រាប់យើងមិនត្រូវភ្លេចខ្លួន ព្រោះថា សកម្មភាពបដិវត្តន៍ពណ៌នេះ គេតែងតែធ្វើអាជីវកម្មលើចំណុចខ្សោយរបស់យើង។
សម្តេចក្រឡាហោម បានស្នើដល់រដ្ឋបាលគ្រប់ថ្នាក់យកចិត្តទុកដាក់ដោះស្រាយនូវកង្វល់ សំណើរ សំណូមពរនិងជម្លោះនានាតាំងពីតូច កុំចាំដល់ធំព្រោះនៅពេលធំគេយកធ្វើជាលេស។ ក្រុមប្រឆាំងតែងយកបញ្ហានេះ ពង្រីកឲ្យធំដើម្បីវាយប្រហាររាជរដ្ឋាភិបាល។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នូវសមិទ្ធផលធំៗថ្មីៗជាច្រើន ជូនជាតិមាតុភូមិក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការ រក្សាការពារសន្តិសុខ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គមនិងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ទោះបីស្ថានភាពសេដ្ឋកិច្ចសង្គម បានទទួលរងឥទ្ធិពល អវិជ្ជមានខ្លះៗពីសភាពការណ៍សកល និងក្នុងតំបន់ដែលមានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយសារការប្រកួតប្រជែងដណ្តើមប្រៀបលើភូមិសាស្ត្រ
នយោបាយ សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិជ្ជា បញ្ហាគ្រឿងញៀន ការហូចូលយ៉ាងកំហុគនូវវត្តមានជនបរទេស និងថ្មីៗនេះមានព្យួរEBA 20%របស់សហភាពអឺរ៉ុប និងការផ្ទុះឡើងនូវវីរ៉ុសCovid . 19 នៅប្រទេសចិនកាលពីចុងខែធ្នូ ដែលនាំឲ្យរោងចក្រមួយចំនួន ខ្វះវត្ថុធាតុដើមយ៉ាងណាក្តី។ លោកអភិបាលបន្តថា គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរួមគ្នាទប់ស្កាត់ បំផ្លាញឲ្យបរាជ័យទាំងស្រុងនូវឧបាយកល និងផែនការប្រកបដោយគ្រោះថ្នាក់ លើពួកប្រឆាំងជ្រុលនិយម ដែលព្យាយាមធ្វើសកម្មភាពប៉ុនប៉ង បង្កភាពចលាចលក្នុងសង្គម ហើយកំពុងបន្ត ខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ឈរលើគោលការណ៍៍រដ្ឋបាលឯកភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពផ្តល់ការអភិវឌ្ឍ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង៕ដោយ៖កូឡាប