ភ្នំពេញ៖ នៅព្រឹកថ្ងៃ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃគឺ៖ ១)សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, ២)សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និង ៣) សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានមោទនភាពចំពោះសមិទ្ធផលផ្នែកព្រះពុទ្ធសាសនា ដែលមានការរីកចម្រើនរហូតមកដល់នាពេលនេះ។
សម្តេចតេជោ បានអរគុណព្រះគុណចំពោះព្រះអង្គទាំង២គណៈ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ សម្តេចតេជោបានបង្ហាញនូវក្តីមោទនភាព ចំពោះប្រទេសកម្ពុជាយើងដែលមិនកើនមាននូវជម្លោះសាសនាឡើយ ដែលខុសពីបណ្តាប្រទេសនានា មួយចំនួនដែលតែងតែកើតមាននូវជម្លោះសាសនា។ សន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ប្រទេសមានសន្តិភាព ទើបធ្វើអោយពុទ្ធសាសនារីកចម្រើនមកដល់ពេលនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេច ព្រះតេជគុណ ព្រះសង្ឈគ្រប់ព្រះអង្គ និងញាតិញោមពុទ្ធបរិស័ទ អាចឃើញហើយថា នៅលើពិភពលោកនេះ ជម្លោះសាសនាមានច្រើនណាស់ រហូតដល់ការវាយប្រហារគ្នាជាភេរវកម្មទៀតផង។ ឧទាហរណ៍ ការវាយភេរវកម្មនៅណូវេលហ្សេឡង់ គឺជាការវាយភេរវកម្ម ចំពោះសាសនា ចំពោះវិហារឥស្លាមនៅទីនោះ។ បន្ទាប់ទៅ គឺសងសឹងមកស្រីលង្កាវិញ គេថាឥស្លាមសងសឹកជាមួយគ្រិស្តសាសនាម្តង គឺបញ្ហាធំណាស់។ អញ្ចឹងការគ្រប់គ្របរដ្ឋមួយ ទាមទារឲ្យយើងធ្វើសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនា ដែលនេះជាបញ្ហាដ៏ធំ ហើយវានឹងក្លាយទៅជាការបែកបាក់ជាតិ។
បើតាមប្រសាសន៍នាយករដ្ឋមន្ត្រីនៃកម្ពុជា សព្វថ្ងៃនេះនៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះ និងសាសនា កំពុងកើតឡើង ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា មិនមានជម្លោះសាសនាកើតឡើងនោះទេ។ គ្រាន់តែនៅក្នុងក្របខ័ណ្ឌព្រះពុទ្ធសាសនារបស់យើង និកាយទាំងពីរ ត្រូវបានរួមរស់ជាមួយគ្នា ដោយសុខដុមនីយកម្មផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះសង្ឃមានភារកិច្ច ដែលត្រូវចូលរួម ដើម្បីថែរក្សានូវសន្ដិភាពរបស់ប្រទេស យើងបានឃើញហើយថា វិស័យសាសនា របស់យើង មិនថាតែព្រះពុទ្ធទេ គ្រប់សាសនាទាំងអស់ នៅកម្ពុជា ត្រូវបានបំភ្លេចបំផ្លាញនៅសម័យសង្គ្រាម ហើយក៏សម័យរបបប្រល័យ ពូជសាសន៍ដែរ។ ឆ្លងដំណាក់កាលសង្គ្រាមដ៏យូរលង់របស់កម្ពុជា ធ្វើឲ្យទឹកដីរបស់យើងបែងចែក ព្រះសង្ឃខ្លះ នៅភាគីនេះ ព្រះសង្ឃខ្លះ នៅភាគីនោះ ព្រោះសង្ឃខ្លះ នៅក្នុងតំបន់មានសង្គ្រាម ដូច្នេះយើងមិនគប្បីបណ្ដែតបណ្ដោល ឲ្យប្រទេសរបស់យើងកើតឡើងនូវការបែកបាក់ថែមទៀត ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម។ ព្រះសង្ឃមានតួនាទីពុទ្ធបរិស័ទ ដើម្បីអប់រំចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារបាន ជាតិ សាសនា ព្រះមហាក្សត្រ ដំបូងបំផុតត្រូវការពារសន្ដិភាព ជាមុនសិន បើការពារមិនបាននូវសន្ដិភាពទេ មានការលំបាកហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវការកត់សម្គាល់មួយចំនួននៃរួមចំណែកក្នុងវិស័យពុទ្ធចក្រ៖
១)តាមរយៈក្របខ័ណ្ឌនយោបាយ របស់គណបក្សប្រជាជនកម្ពុជា គឺបានធានានូវសុខសន្តិភាព ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដែលធ្វើអោយវិស័យទាំងពីររីកចម្រើនទន្ទឹមគ្នា។
២)ប្រជាពលកម្ពុជាមានសិទ្ធិសេរីភាពពេញលេញ ក្នុងការជ្រើសរើសជំនឿសាសនា របស់របស់ខ្លួនទៅតាមការជឿជាក់ទៅលើសាសនានោះ ដោយគ្មានការបង្ខិតបង្ខំ។
៣)ដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ទើបធ្វើអោយពួកគាត់មានឱកាស ក្នុងការធ្វើបុណ្យ ធ្វើទានគ្រប់ទីកន្លែង នឹងធ្វើអោយព្រះពុទ្ធសាសនានេះ កាន់តែរីកចម្រើនទៅមុខ។
៤)នៅពេលដែលវិស័យអាណាចក្រ មានការរីកចម្រើនហើយនោះ វិស័យពុទ្ធចក្រ មានក៏មានការរីកចម្រើនទៅតាមហ្នឹងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកផងដែរ ពីវិស័យព្រះពុទ្ធសាសនាដែលពីអតីតកាលបានទទួលរងនូវភាពខ្ទេចខ្ទាំ ដោយសារសង្គ្រាម ជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលពេលនោះទីអារាមជាច្រើន ត្រូវបានបំផ្លាញចោលស្ទើរគ្រប់ទីកន្លែង។ ប៉ុន្តែក្រោយឆ្នាំ១៩៧៩ វិស័យសាសនានេះ ត្រូវបានស្តារ និងងើបឡើងវិញបន្តិចម្តងៗ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ព្រះសង្ឃទាំង៣ អង្គដែលត្រូវបានខិតខំប្រឹងប្រែងរបស់ព្រះអង្គ ក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក៕ ដោយ៖កូឡាប