នេះជាហេតុការណ៍គ្រោះថ្នាក់ដ៏មហាសែនស្លុតចិត្តមួយ ដែលបុរសជាកម្មករសំណង់ម្នាក់ ត្រូវដែកសរសៃបុកទម្លុះកន្លែងសំខាន់ៗនៃដងខ្លួនរបស់គាត់ចំនួន ៤ កន្លែង ប៉ុន្តែ ជីវិតគាត់ពិតជាថ្លៃខ្លាំងណាស់ ដែលស្ថានភាពដ៏អាក្រក់បែបនេះ ពុំអាចឆក់យកបាន ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅការដ្ឋានសំណង់មួយកន្លែង នៅក្នុងខេត្ត Guangdong ភាគខាងត្បូងនេះ ប្រទេសចិន ។
ជនរងគ្រោះមានឈ្មោះ Workman Zhang Yuan អាយុ ៤៣ ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់គាត់គ្រោះថ្នាក់ធ្លាក់ពីទីកន្លែងដ៏ខ្ពស់មួយ នៃការដ្ឋានសំណង់របស់គាត់ និងធ្លាក់ជុងនឹងដែកសរសៃមួយសំណុំ បណ្តាលឲ្យបុកទម្លុះទ្រូង, ពោះ, ត្រគាក និងជើង យ៉ាងសាហាវ ។
ក្រុមពន្លត់អគ្គីភ័យត្រូវបានណែនាំ មិនឲ្យកាត់ដកដែកសរសៃទាំងនោះ ចេញខ្លួនរបស់ជនរងគ្រោះ នៅឯកន្លែងកើតហេតុទេ ប៉ុន្តែ សំណូមពរឲ្យកាត់ពួកវាឲ្យបានខ្លីតាមតែអាចធ្វើទៅបាន ។
វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Wang និយាយថា៖ «ដែកសរសៃទាំងនោះ ចាក់ចូលដងខ្លួនរបស់ជនរងគ្រោះនៅទីតាំងចំនួន ៤ ។ ក្នុងនោះផ្នែកសំណាងបំផុត គឺបេះដូង និងសរសៃឈាមដ៏សំខាន់ៗ ពុំរងការប៉ះពាល់នោះទេ» ។
«ប៉ុន្តែ យើងមិនអាចពន្យារពេលបានទេ ព្រោះគាត់កំពុងហូរឈាមចេញច្រើនពីកន្លែងត្រូវរបួសទាំងអស់ ។ ប្រសិនទុកមិនព្យាបាលឲ្យទាន់ពេលវេលា នោះគាត់នឹងត្រូវស្លាប់ពុំខាន» ។
ទោះយ៉ាងណា Zhang ត្រូវបន្តសម្រាកព្យាបាលយូរថ្ងៃ ដើម្បីឲ្យស្ថានភាពរបួសរបស់គាត់បានល្អប្រសើរឡើងវិញ នៅក្នុងមន្ទីរពេទ្យ ៕ ចន្ទី