ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ។ ស្របពេលមួយរយៈចុងក្រោយនេះ មានបណ្ដាញសង្គមជាច្រើន បានផ្សព្វផ្សាយព័ត៌មានក៏ដូចជារូបថត ទាក់ទងនឹងមនុស្សមួយចំនួន បានដួលសន្លប់ដោយសារជំងឺ និងមានជនជាតិចិនម្នាក់ស្លាប់ និងដោយសារប្រការអ្វីមួយផ្សេងថា ជាជនទាំងនោះកើតជំងឺវីរុសកូរ៉ូណា ប៉ុន្តែតាមអាជ្ញាធរបានបញ្ជាក់ថា ជនទាំងនោះមិនមានជំងឺនោះទេ ព្រោះគាត់ជួបនូវឧប្បត្តិហេតុ បណ្ដាលឲ្យដួល។
នៅលើ page facebook ផ្លូវការថ្ងៃទី 2 ខែមីនា ឆ្នាំ 2020 សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការថា “សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះព័ត៌មានក្លែងក្លាយទាំងឡាយអំពី មេរោគ COVID-19 ដែលបានធ្វើឱ្យបងប្អូនមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិតណាមួយរបស់គេ”។
សម្ដេចពិជ័យសេនា បានស្នើ សូមបងប្អូន បន្តតាមដានព័ត៌មានផ្លូវការអំពី មេរោគ COVID-19 នេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់យើង ជាពិសេស ក្រសួងសុខាភិបាល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា រហូតដល់ថ្ងៃទី ១ មីនា ២០២០ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ យើងបានធ្វើតេស្តសរុបកើនដល់៩២នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រ តែមិនមានរកឃើញមេរោគCOVID-19 ទេ ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លើនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រឡប់ទៅមាតុប្រទេសរៀងៗវិញ មិនបានរកឃើញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លើយតប ទៅនឹងជំងឺរាត្បាតជាង២០០០នាក់ កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។ យើងមានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្តវត្ថុវិភាគដែលបានផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស និងយើងត្រៀមមន្ទីរពិសោធន៍៍ពីរទៀតក្នុងក្រសួងសុខាភិបាល ដើម្បីជំនួយកក្នុងការធ្វើតេស្តបន្ថែមទៀត ។ យើងមានមន្រ្តីជំនាញ ១០រូប កាន់ទូរស័ព្ទដៃដើម្បីទទួលទូរស័ព្ទបាញ់ពីលេខ ១១៥ ដើម្បីទទួលរាយការណ៍ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕ដោយ៖កូឡាប