ភ្នំពេញ៖ សម្តេចពិជ័យសេនា បានអះអាងថាកម្ពុជានៅតែឈរជាមួយមិត្តចិន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្រោមស្មារតីគាំទ្រយ៉ាងមុះមុត និងការចូលរួមយ៉ាងសកម្ម។
ស្ថានទូតចិនប្រចាំកម្ពុជា បានចេញប្រកាសព័ត៌មានថា នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈ ការពារទប់ស្កាត់វីរុសកូរ៉ូណា “COVID-19”របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។
ក្នុងសុន្ទរកថារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា សម្តេចជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជម្នះ លើកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយប្រភេទនេះ និងជឿជាក់ថា នឹងអាចគ្រប់គ្រង និងកម្ចាត់យ៉ាងពេញលេញនូវការឆ្លង និងការរីករាលដាលនៃជម្ងឺវីរុសមួយនេះក្នុងពេលឆាប់ៗនេះ។ កម្ពុជានៅតែឈរជាមួយមិត្តចិន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្រោមស្មារតីគាំទ្រយ៉ាងមុះមុត និងការចូលរួមយ៉ាងសកម្ម។
ល៩ក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចពិជ័យ។ លោកមានប្រសាសន៍ថា ស្ថិតក្រោមការដឹកនាំដ៏មុះមុតរបស់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ហើយការសាមគ្គីរួមគ្នារបស់ប្រជាពលរដ្ឋចិនទាំងកម្លាំងកាយ និងចិត្ត ក្នុងគោលបំណងខិតខំតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ក្នុងស្ថានភាពដ៏លំបាក។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងរួមសុខរួមទុក្ខ ពុះពាររាល់លំបាកជាមួយនឹងរដ្ឋាភិបាល និងប្រជាជនចិន។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានព្រួយព្រះទ័យជាមួយនឹងប្រជាជនចិន ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជាជំនួយជូនដល់ភាគីចិន។ រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រយ៉ាងមុះមុត ចំពោះគោលនយោបាយមិនបញ្ឈប់ជើងហោះហើរ មិនជម្លៀសប្រជាពលរដ្ឋ និងមិនរើសអើងប្រជាជនចិន ទាំងនេះបានផ្តល់ជាកម្លាំងគាំទ្រដ៏មានឥទ្ធិពលបំផុតក្នុងកិច្ចនយោបាយ និងសីលធម៌ជូនដល់រដ្ឋាភិបាលចិន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចជាប្រញាប់ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចតេជោបានប្រើសកម្មភាពបង្ហាញ ពីអត្ថន័យចម្បងនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។ ហើយពិធីនាថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជាបានផ្តល់ជំនួយជាម៉ាស និងសម្លៀកបំពាក់ការពារជូនដល់ក្រសួងការពារជាតិចិន នេះបានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុត របស់កងទ័ពយោធពលខេមរភូមិន្ទកម្ពុជា ជូនចំពោះកងទ័ពរំដោះប្រជាជនចិន គឺជាការលើទឹកចិត្ត និងស្មារតីដ៏ធំធេងបំផុតក្នុងកិច្ចជម្នះ នឹងវីរុសមួយនេះជូនដល់ប្រជាពលរដ្ឋចិន។
ក្នុងពិធីនាថ្ងៃនេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ដែលក្នុងនោះមានដូចជា ម៉ាសចំនួន៣០០០០០ និងសម្លៀកបំពាក់ការពារ ចំនួន១៥០០សម្រាប់ ជូនដល់ភាគីចិន៕ដោយ៖កូឡាប