Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ជិត ២០​នាក់ នា​ខេត្ត​ព្រះសីហនុ បើកឆាក​ប្រយុទ្ធ​គ្នា បង្ក​ការភ្ញាក់ផ្អើល​មនុស្ស​ស្ទើរ​១​ចំហៀង​ក្រុង​ (មានវីដេអូ)

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​មួយក្រុម សរុប​មាន​គ្នា​ជិត ២០​នាក់ បាន​បើកឆាក​ប្រយុទ្ឋ​វាយតប់​គ្នា កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មករា ឆ្នាំ​២០១៨​។
​ប្រជាពលរដ្ឋ ឲ្យដឹងថា ឆាកប្រយុទ្ធ​នេះ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះ​ព្រះសីហនុ ស្ទើរ​មួយ​ចំហៀង​ក្រុង​។​

​ភ្លាមៗ​នោះ កំលាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរ​វាល​ខេត្ត​ព្រះសីហនុ ដោយ​មាន​កិច្ចសហការ ពី​កំលាំង​អធិការ​នគរបាល​ក្រុង កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ចុះ​ឃាត់ខ្លួន​ជន​ជាតិចិន​ជិត ២០​នាក់ ដែល​បង្កចលាចល បើកឆាក​ប្រយុទ្ធ​រវាង​ចិន​គ្នាឯង​។​

​ក្រោយពេល​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ជនជាតិ​ចិន​ទាំងនោះ ចេញពី​ផ្ទះ​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ បន្ទាប់ពី​ពួកគេ​បាន​បើកឆាក​ប្រយុទ្ឋ​គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​ទីតាំង​បង្កហេតុ​។​

​ប្រភព​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​អះអាង​ថា ជា​រៀងរាល់ថ្ងៃ ពួកគេ​តែង​ប​ឃើញ​ជនជាតិ​ជាច្រើន​នាក់ បាន​ចេញ​ចូល​ក្នុង​ផ្ទះ​ជួល​នេះ ទាំង​យប់​ទាំង​ថ្ងៃ ហើ​យត៉ាងហោច​មួយ​ខែម្តង ជនជាតិ​ចិន​រស់នៅក្នុង​ផ្ទះជួល កើតហេតុ​នេះ តែង​បង កើត​កម្មវិធី​ជប់លៀង​ផឹកស៊ី​ជា​បន្តបន្ទាប់​។ ជាងនេះទៀត នៅ​មុនពេល​កើតមាន​ឆាក​ប្រយទ្ធ​គ្នា រវាង​បុរស​ជនជាតិ​ចិន​ដូចគ្នា គេ​បាន​ឃើញ​ជនជាតិ​ទាំងនោះ បាន​ផឹកស៊ី​ស្រែក​ស៊ី​ឡូឡា រំខាន​ដល់​អ្នករស់នៅ​ជិតខាង រហូតដល់​ម៉ោង​ប្រមាណ​ជាង ៧​យប់ ក៏​បាន​លឺសូ​សម្លេង​ស្រែក​ឈ្លោះប្រកែក​គ្នា យ៉ាងខ្លាំង ក្រោយមក ក៏​មាន​ឆាក​វាយ​ប្រយុទ្ធ​គ្នា​កើតឡើង ដោយ​អ្នកខ្លះ បាន​កាន់ដំបង អ្នកខ្លះ​ទៀត កាន់​កៅអី អ្នកខ្លះ​កាន់​កាំបិត និង​ជនជាតិ​ចិន​មួយចំនួនទៀត បាន​រត់​ចេញ​ក្រៅ​ផ្ទះ បង្ក​អោយមាន​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​ឈាន​ដល់​កម្លាំង សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ ចាប់​បញ្ជូន​ជនជាតិ​ចិន​ទាំងនោះ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ទាំងយប់​តែម្តង​។​

​យោងតាម​ប្រភព​ពី​សន្តិសុខ​ឯកជន MPA ដែល​យាម​ប្រចាំការ​នៅ​ផ្ទះជួល ដែល​ជនជាតិ​ចិន​បង្កហេតុ បានអោយដឹងថា ជម្លោះ​វាយតប់​គ្នា រវាង​ជនជាតិ​ចិន​គ្នា​ឯង​នេះ តាមពិត​ទៅ​ដើមហេតុ មិន​មាន​រឿង​អ្វី​ធំដុំ​នោះ​ទេ គឺ​កើតឡើង ដោយសារ​ការ​ប៉ាវ​ផឹកស្រា និង វាយ​ក្បាល​គ្នា​លេង​កម្សាន្ត ក្នុង​វង់​ផឹកស៊ី ប៉ុន្តែ​ក្រោយមក​ដោយសារ​ជនជាតិ​ចិន​ម្នាក់ៗ មាន​អាការៈ​ស្រវឹង​ជោគ​តែ​ស្រវឹង​រៀងៗ​ខ្លួន​នោះ ទើប​កើត​ទៅជា​រឿង​ចោទប្រកាន់​គ្នា ក្លាយ​ជា​ជម្លោះ​វាយតប់​គ្នា​តែម្តង​។​

​ទោះបីជា​បែប​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ច្រាល​ចោល​ប្រភពព័ត៌មាន របស់​ប្រជាពលរដ្ឋ ដែល​បាន​អះអាងថា ជនជាតិ​ចិន​មួយក្រុម ដែល​សមត្ថកិច្ច​ខ្លួន​យក​មក​សាកសួរ​នោះ គឺ​ពួកគេ ពុំ​បាន​វាយតប់​គ្នា​ទៅវិញ​។
​សមត្ថកិច្ច អះអាងថា ជនជាតិ​ចិន ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងនោះ គឺ​ពួកគេ​ស្រវឹង ស្រា ហើយ​បាន​អង្គុយ​បាក់​កៅអី​ដួល​លើ​គ្នា ទើប​មាន​សម្លេង​ស្រែក​ឡូឡា​កើតឡើង ប៉ុន្តែ​មុន​បាន​ឈ្លោះប្រកែក​គ្នា​ទេ​។

​សមត្ថកិច្ច អោយដឹងទៀតថា ការស្រែក​ឡូឡា របស់​ជនជាតិ​ចិន នាំអោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ស្មានថា ជនជាតិ​ចិន​ទាំង​នោះ ឈ្លោះ​គ្នា​ក៏​មាន​ការ​ឆោឡោឡើង បង្ក​អោយ​មាន​ការភ្ញាល់ផ្អើលតៗ​គ្នា និង​ត្រូវបាន​គេ​ផ្សព្វផ្សាយ​ខុស​ការ​ពិត​ទៅ​វិញ​។​

​ទោះ​សមត្ថកិច្ច​នគរបាល នៃ​ស្នងការ​នគរបាល បាន​កែសម្រួល ជួយ​សម្រួល​បទល្មើស​វា​យ​ប្រយុទ្ធ​គ្នា ដល់​ជនជាតិ​ចិន បែប​នេះ​ក្តី ក៏​ប៉ុន្តែ​ប្រភព​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ទីតាំង​ជនជាតិ​ចិន ជួល​ស្នាក់នៅៗ​តែ អះអាងថា ជនជាតិ​ចិន​មួយក្រុម​នោះ ពិតជា​បាន​ឈ្លោះប្រកែក​គ្នា និង​មាន​បើកឆាក​ប្រយុទ្ធ​គ្នា​កើត​ឡើង​ពិតប្រាកដ​មែន​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ ខេត្ត​ព្រះសីហនុ បាន​សំណូមពរ ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ស្នើ​អោយ​បញ្ឈប់​លាក់បាំង បទល្មើស​ផ្សេងៗ ដែល​កើតមាន​នា​ខេត្ត​ព្រះសីហនុ​តទៅទៀត និង​ជៀសអោយផុត​ពី​អំពើពុករលួយ ដែល​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​ចិន ក្នុង​សកម្មភាព​លាក់បាំង​បទល្មើស​ផ្សេងៗ ដែល​បង្ក​ដោយ​ជនជាតិ​ចិន​តទៅ​ទៀត​នា​ថ្ងៃ​ខាង​មុខ​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ស្នើការ​បំភ្លឺ​លើ​បញ្ហា​ខាងលើ​នេះ​ពី លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ជិត ២០​នាក់ កាលពី​ព្រលប់​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មករា បាន​ទេ​តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨៕ ដែន សីមា​

×