Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​ជនជាតិ​ម៉ាឡេស៊ី សញ្ជាតិ សិង្ហ​បុរី​ម្នាក់​ជា​គ្រូ​ហុងស៊ុយ ចូល​កម្ពុជា ក្រោយពីប្រមាថ​របាំ​ព្រះរាជ​ទ្រព្យ​

​ភ្នំពេញ​៖ ជាមួយនឹង​ប្រតិកម្ម​យ៉ាងខ្លាំងៗ​ចំពោះ​ជនជាតិ​ម៉ាឡេស៊ី ដែល​ប្រមាថ​ចំពោះ​របាំ​ព្រះរាជ​ទ្រព្យ​របស់​ជាតិខ្មែរ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជា​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ហាម​ជនបរទេស​រូបនេះ កុំឱ្យ​ចូលក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ ជា​អធិបតី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២២ ក្រោម​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ នៅ​រសៀល​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០​នេះ​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង ថា ក្នុងឋានៈ​ខ្ញុំ​ជា​ប្រមុខ នៃ​រាជរដ្ឋាភិបាល មិនអាច​ទទួលយកបាន​ទេ​នូវ​ការធ្វើឱ្យ​អាប់ឱន​នូវ​មរតក​ដូនតា​ដែល​បាន​បន្សល់ទុក ហើយ​ជាពិសេស គឺ​របាំ​ព្រះរាជ​ទ្រព្យ ដែល​សូម្បីតែ​អង្គ​ព្រះមហាក្សត្រ​របស់​យើង ក៏​មិនដែល​បាន​ឃើញថា របាំ​ព្រះរាជ​ទ្រព្យ ត្រូវ​សម្តែង​នៅ​ពីក្រោយ​មនុស្ស​នោះទេ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ របាំ​ទាំងអស់​ត្រូវបាន​បែរមុខ​ឆ្ពោះ ទៅរក​ព្រះភ័ក្ត្រ​របស់​ព្រះមហាក្សត្រ ឬក៏​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ទៅវិញ​ទេ អ្វីដែល​ធ្ងន់ធ្ងរ​ជា​នោះ​មនុស្ស​ម្នាក់នេះ ដែលជា​ជនជាតិ​ម៉ា​ឡេ ទើបនឹង​ចូលសញ្ជាតិ​សឹង្ហ​កា​ព័រ បាន​បន្តុះបង្អាប់​វាយប្រហារ ព្រះបរមរាជវាំង​យ៉ាងធ្ងន់ធ្ងរ ដែល​មិនអាច​ទទួលយកបាន ដែល​ថ្ងៃនេះ ខ្ញុំ​បាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ដែល​បាន​ចូលទៅ Comment នៅក្នុង Facebook ថ្ងៃនេះ​ខ្ញុំ​បានដាក់​បទបញ្ជា​ឱ្យ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ហាមឃាត់​បុគ្គល​រូបនេះ មិនឱ្យ​ជាន់​ទឹកដី​កម្ពុជា​តទៅទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​ជនជាតិ​ម៉ាឡេស៊ី ដែល​ទើប​ទទួលបាន​សញ្ជាតិ​សិង្ហ​បុរី​រូបនេះ ធ្វើការ​សុំទោស​ចំពោះ​ព្រះរាជវង្សានុវង្ស និង​រាជរដ្ឋាភិបាល ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​អាច​នឹង​បើកឱកាស​ដល់ បុគ្គល​រូបនេះ​ចូលមក​ប្រទេស​កម្ពុជា​វិញ​។ ជនជាតិ​ម៉ាឡេស៊ី​រូបនេះ គ្រាន់តែ​ជា​គ្រូ​ហុងស៊ុយ ហេតុអ្វី​ទៅបាន​ជា​ត្រូវយក​សិល្បៈ​បុរាណ​ខ្មែរ យកទៅ​ធ្វើ​ពិធីបួងសួង ហើយ​គ្រូ​ហុងស៊ុយ​នេះ នៅ​ពីមុខ​សិល្បៈជាតិ​របស់​ខ្មែរ​ទៅវិញ ហើយ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី នា​ថ្មីៗ​នេះ គឺ​ខុស​នឹង​របាំ​ប្រពៃណី​ខ្មែរ​។ របាំ​ព្រះរាជ​ទ្រព្យ​ជា​របស់​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​ត្រូវ​រកឱ្យឃើញ​បើទោះបី​អ្នក​ដែល​នាំ​របាំ​ព្រះរាជ​ទ្រព្យ ទៅ​សម្តែង​នៅ​សិង្ហ​បុរី ជា​ព្រះរាជវង្សានុវង្ស ក៏ត្រូវ​តែ​យាង​ព្រះរាជវង្សានុវង្ស​នោះ​ឱ្យ​ក្រសួង​វប្បធម៌ ដើម្បីឱ្យ​ក្រសួង​ធ្វើការ​ណែនាំ ហើយ​មិនអាច​តាំងខ្លួន​ជា​ព្រះរាជវង្សានុវង្ស នាំ​របាំង​សិល្បៈ​ខ្មែរ​ទៅ​បំផ្លាញ​នោះទេ សិល្បៈ​របស់​យើង គឺជា​របស់​ប្រជាជាតិ​កម្ពុជា មិនមែនជា​របស់​សែ​រាជវង្ស​អង្គ​ណាមួយ​នោះទេ ហើយ​អង្គ​ព្រះមហាក្សត្រ ទ្រង់​មិនដែល​ទុក​របាំ​ណាមួយ​ជា​របស់​ទ្រង់​ផ្តាច់មុខ​នោះដែរ​។​

​បើតាមសម្តេច​តេ​ជោ ហ៊ុន សែន នេះ​មិនមែន​ជម្លោះ​រវាង​កម្ពុជា និង​សិង្ហ​បុរី​នោះទេ តែ​ជា​ជម្លោះ​ជាមួយ​ជនជាតិ​ម៉ាឡេស៊ី សញ្ជាតិ​សិង្ហ​បុរី​ម្នាក់នេះ ដែល​ប្រមាថ​ចំពោះ​កម្ពុជា ហើយ​បានរួម​គំនិត​ជាមួយ​បុគ្គល​ខ្មែរ​មួយចំនួន រាប់ទាំង​បុគ្គល​ម្នាក់​ជា​ជំនួយការ​រដ្ឋមន្ត្រី​ប្រតិភូ​នាយករដ្ឋមន្ត្រី ដែល​សម្តេច​ចេញ​អនុក្រឹត្យ​ដកចេញ​ពី​តំណែង​ផងដែរ​។​

​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ក៏​ដាក់បទបញ្ជា​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យ​ពង្រឹង​វិន័យ​ដល់​អ្នកសិល្បៈ​ការគោរព​វិស័យ​សិល្បៈ​ជាតិខ្មែរ ឱ្យបាន​ហ្មត់ចត់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×