ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ទើបចេញពីពន្ធនាគារខេត្តកណ្ដាល ពីបទហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនា ត្រូវចាប់ខ្លួនម្តងទៀត ក្នុងករណីហិង្សាក្នុងគ្រួសារវាយបំផ្លាញរបស់របរក្នុងផ្ទះ។
នគរបាលស្រុកស្អាង បានឲ្យដឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះថា ករណីហិង្សាក្នុងគ្រួសារមួយកើតហេតុនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៤០នាទី នៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះឈាង រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាឪពុក មានទីលំនៅភូមិ ឃុំ កើតហេតុ ខាងលើ។ ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះរិទ្ធ ឡៃហៀង ហៅអូនទូច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ត្រូវជាកូន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ ក្នុងពេលចុះឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈបាត់បង់ និងខូចខាត កៅអីជ័រចំនួន១ កង្ហាចំនួន១ បាក់បែកចានមួយចំនួន និងក្បាំងម៉ូតូចំនួន១គ្រឿង ។ វត្ថុតាងចាប់យក កៅអីជ័រចំនួន១កង្ហាចំនួន១ និងក្បាំងម៉ូតូចំនួន១ បាក់បែកទាំងអស់ ។
នៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ ឈ្មោះរិទ្ធិ ឡៃហៀង ត្រូវជាកូន បានទាមទាលុយពីឈ្មោះឈាងរិទ្ធ ជាឪពុក ដើម្បីទិញមីហូប ប៉ុន្ដែឈ្មោះឈាង រិទ្ធឆ្លើយថា អត់មានលុយទេ ភ្លាមនោះឈ្មោះរិទ្ធ ឡៃហៀង បានទាត់ធុងទឹកបែកចំនួន១ទាត់កង្ហាខូចចំនួន១ បែកចានអស់មួយចំនួន បោកបំបែកកៅអីជ័រខូចចំនួន១ និងធ្វើឲ្យខូចខាតក្បាំងម៉ូតូ។ បន្ទាប់មកឈ្មោះរិទ្ធ ឡៃហៀង បានប៉ុនប៉ងវាយ ឈ្មោះមៀល ត្រូវជាជីតា តែឈ្មោះឈាង រិទ្ធ និងឈ្មោះមៀ សុខន ត្រូវជាម្តាយឡៃហៀង ប៉ុន្តែពួកគាត់បានរត់គេចខ្លួនមិនបណ្តាលឲ្យរងរបួសឡើយ។ ពេលទទួលបានព័ត៌មានខាងលើ កំលាំងប៉ុស្ដិ៍ព្រែកអំបិល បានអន្ដរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះរិទ្ធ ឡៃហៀង មកប៉ុស្ដិ៍រដ្ឋបាល ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។ សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ឈ្មោះរិទ្ធ ឡៃហៀង ទើបដោះលែងចេញពីពន្ធនាគារ ខេត្តកណ្ដាល ពីបទ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ទើបបានរយៈពេល២ខែប៉ុណ្ណោះ៕ ដោយ៖បញ្ញាស័ក្តិ