ភ្នំពេញ៖ ស្ថានភាពនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះបានកើតមកលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការសម្រេចបិទសាលាបណ្តោះអាសន្ននេះ គឺយើងបានគិតគូរ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើសុខភាពកុមារ ដែលពួកគេអាចប្រឈមខ្ពស់ ពីព្រោះពួកគេមានការពិបាកក្នុងការការពារពីជំងឺនេះ។
នៅព្រឹកថ្ងៃអង្គារទី១០ ខែមីនា ឆ្នាំ ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ានដា សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីស្ថានភាពនៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះបានកើតមកលើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។
ជាមួយគ្នានោះ សម្តេចតេជោបានប្រាប់ឲ្យក្រសួងសុខាភិបាលកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ពីស្ថានភាពជំងឺកូវីដ-១៩នេះ ត្រូវពង្រឹងសេវាសុខាភិបាលចំពោះប្រជាពលរដ្ឋឲ្យបានដិតដល់ ជាពិសេសរាល់ពេលដែលមានការទូរស័ព្ទទាក់ទងចូល ដើម្បីសួរនាំពីជំងឺកូវីដ១៩នេះ ត្រូវតែផ្តល់ព័ត៌មានឲ្យបានជាក់លាក់ជូនអ្នកជំងឺ ឲ្យទាន់ពេលវេលា មិនត្រូវរុញចុះ រុញឡើងនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវ កុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចហួសហេតុពេកនោះទេ ពីជំងឺកូវីដ-១៩នេះ តែផ្ទុយទៅវិញប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯង ក្រុមគ្រួសារឲ្យបានល្អ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា បើសិនជាប្រជាពលរដ្ឋខ្មែរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចជំងឺកូវីដ-១៩ នាពេលនេះនោះ ប្រាកដជាកម្ពុជាយើងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើនជាក់ជាមិនខាន។
សម្តេចតេជោបានមានប្រសាសន៍ថា នៅពេលដែលជំងឺកូវីដ-១៩នេះ បានឆ្លងមកដល់ពលរដ្ឋកម្ពុជាភ្លាមនៅឯខេត្តសៀមរាបនោះ សម្តេចតេជោបានដាក់ចេញនូវសេនារីយោទី២ភ្លាម គឺសម្តេចបានប្រកាសបិទសាលារៀនទាំងអស់ នៅទីរួមខេត្តសៀមរាប(ក្រុងសៀមរាប) ដែលក្នុងនោះមានសាលារៀនប្រមាណ ១១០សាលារៀន ត្រូវបិទទ្វាជាបណ្តោះអាសន្ន និងការសម្រេចបិទព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២០ ផងដែរ។ ទន្ទឹមនឹងនោះ សម្តេចតេជោបញ្ជាក់ថា ការសម្រេចបិទសាលាបណ្តោះអាសន្ននេះ គឺយើងបានគិតគូរ និងយកចិត្តទុកដាក់ជាសំខាន់ទៅលើសុខភាពកុមារ ដែលពួកគេអាចប្រឈមខ្ពស់ ពីព្រោះពួកគេមានការពិបាកក្នុងការការពារពីជំងឺនេះ។ ជាមួយគ្នានោះ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ក្នុងស្ថានភាពបែបនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាំងអស់គ្នា យើងត្រូវប្រែក្លាយវិបត្តិនៃជំងឺនេះ ឲ្យទៅជាកាលានុវត្តភាព ដូចជាពីមិនសូវយកចិត្តទុកដាក់ពីបញ្ហាសុខភាព ប្រែមកជាការប្រកាន់ជាប់នូវអនាម័យជាប្រចាំ ដើម្បីសុខភាពកាន់តែល្អប្រសើរ៕ដោយ៖កូឡាប