រដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) និងប្រទេសសម្ព័ន្ធមិត្តបាននិយាយថា សហគមន៏អន្តរជាតិត្រូវតែបន្តដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ដើម្បីឲ្យរបបនេះផ្លាស់ប្តូរឥរិយាបទ និងបានធ្វើការព្រមានថា កុំទាន់រីករាយ ទោះបីជាកូរ៉េខាងត្បូង និងខាងជើងកំពុងចរចារគ្នាក៏ដោយ។
លោក ធៀល័រសាន់ ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីកូរ៉េខាងជើង នៅក្នុងទីក្រុងវ៉ាន់ខូវឺ ប្រទេសកាណាដា ដូច្នេះថា “យុទ្ធនាការដាក់សម្ពាធនឹងត្រូវតែបន្ត រហូតដល់កូរ៉េខងជើងសម្រេចចិត្ត លុបបំបាត់អាវុធនុយក្លេអ៊ែរ។
លោកបន្តទៀតថា “នេះគឺជាយុទ្ធសាស្ត្រដែលតម្រូវឲ្យមានការអត់ធ្មត ប៉ុន្តែសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រ ហើយកូរ៉េខាងជើងពេលនេះកំពុងប្រឈមនឹងបញ្ហាហើយ”។
ចំនែករដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូ កូណូ (Taro Kono) បានព្រមានដល់ប្រទេសមួយចំនួនដែលកំពុងគិតថា កូរ៉េខាងជើងកំពុងផ្លាស់ប្តូរឥរិយាបថ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនោះដែរ លោក Taro Kono ព្រមានថា កូរ៉េខាងជើងអាចកំពុងព្យាយាមធ្វើអ្វីមួយសំរាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ ដោយចូលរួមក្នុងការចរចារផ្ទាល់ជាមួយនឹងកូរ៉េខាងជើង ដូច្នេះ សហគមន៏អន្តរជាតិគួរតែមើលពីបញ្ហានេះឲ្យបានច្បាស់។
លោកថ្លែងថា “វាមិនមែនជាពេលដែលត្រូវកាត់បន្ថយការដាក់សម្ពាធលើកូរ៉េខាងជើងនោះទេ”។
លោកថ្លែងបន្តថា ទីក្រុងព្យុងយ៉ាងកំពុងតែស្វែងរកអ្វីមួយ ដោយព្យាយាមចរចារជាមួយនឹងកូរ៉េខាងត្បូង ទំនងពួកគេសង្ឃឹមថា ពួកគេនឹងទទួលបានការដកទណ្ឌកម្មពីប្រទេសមួយចំនួន ឬក៏ទទួលបានជំនួយហិរញ្ញវត្ថុ។
Taro Kono លើកឡើងបែននេះទៀតថា ព្យុងយ៉ាងប្រហែលជាសង្ឃឹមទៀតថា សមយុទ្ធរួមគ្នារវាងអាមេរិច និងកូរ៉េខាងត្បូងអាចនឹងត្រូវលុបចោល។
លោកព្រមានថា ប្រសិនជាកិច្ចចរចាររវាងកូរ៉េទាំងពីរមិនមានការរីកចំរើនដូចដែលកូរ៉េខាងជើងចង់បាន កូរ៉េខាងជើងនេះឯង ប្រហែលជានឹងស្ទីបន្ទោសដល់ប្រទេសដទៃ និងប្រើប្រាស់វាជាលេស ក្នុងការបន្តធ្វើសកម្មភាពបង្ករឿងទៀត៕ សុភ័ក្ត្រ