កាលពីពេលថ្មីៗនេះ (ថ្ងៃទី១១ មីនា) តាមរយៈបណ្តាញសង្គមដ៏ល្បីរបស់ចិន Tik Tok មានអាខោនមួយឈ្មោះថា «ounputt» បានបង្ហោះវីដេអូចំនួន២រៀបរាប់យ៉ាងក្តុកក្តួល ។
វីដេអូទី១ ម្ចាស់អាខោន Tik Tok នេះ បាននិយាយរៀបរាប់ទាំងទឹកភ្នែកតបទៅកាន់ខមិន Bro មួយដែលបានសួរហេតុអ្វីនាងយំ ដោយនាងបានប្រាប់ថា នាងពិតជាខូចចិត្តយ៉ាងខ្លាំង នៅពេលសង្សាររបស់នាងសុំបែក ដោយរូបគេបានប្រាប់ថា មានអ្នកថ្មី ប៉ុន្តែ តាមការពិត មិនមែនអ៊ីចឹងទេ គឺដោយសារតែគាត់កើតជំងឺកូរ៉ូណា ១៩ ។
ចំណែកវីដេអូទី២ ឆ្លើយតបទៅនឹងខមិនបងស្រីម្នាក់ដែលថាធ្វើចឹងចង់ល្បីមែន! នាងបានបញ្ជាក់ប្រាប់វិញថា មិនចង់ល្បីទេ ពិតណាស់សង្សាររបស់នាងធ្វើការនៅកំពង់សោម ហើយបានស្លាប់ហើយ នៅពេលម៉ោង១២យប់ម្សិលមិញ ។
ទោះយ៉ាងណា ការរៀបរាប់របស់នាង ហាក់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនបានវាយបកទៅកាន់នាងយ៉ាងចាស់ដៃ ដែលក្នុងនោះពួកគេភាគច្រើនថា នាងចង់ល្បី និយាយបំភ្លើសការពិតតែម្តង ។
ជុំវិញករណីម្ចាស់អាខោន Tik Tok រូបនេះ ដែលបង្ហោះវីដេអូនិយាយការពិត ឬ យ៉ាងណានោះ សូមឲ្យក្រសួងពាក់ព័ន្ធជួយស្រាវជ្រាវ និងចាត់ការជាបន្ទាន់ផង បើសិនជាការបង្ហោះរបស់ក្មេងស្រីរូបនេះគឺជាការចង់យកល្បី ដើម្បីទប់ស្កាត់យុវជនមួយចំនួនយកបណ្ដាញសង្គមទៅធ្វើរឿងលេងសើចបំពុលដល់សង្គម ៕ អត្ថបទ៖ លឹម ហុង