កំពត៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មានប្រសាសន៍បញ្ជាក់ថា៖ លំហាត់នាគមាស បើកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ គឺអត់ផ្អាកទេ ខណៈដែលសម្ភារៈសម្រាប់ធ្វើសមយុទ្ធ បាននាំមកដល់ជាបណ្តើរៗហើយ។ អ្នកមកចូលរួមធ្វើលំហាត់សមយុទ្ធនាគមាសខាង កងទ័ពចិន គឺជាអ្នកដែលមានសុខភាពល្អមាំមួនទាំងអស់។ លោកឥត សារ៉ាត់ បានបញ្ជាក់បែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យ និងពិធីក្រុងពិលីរៀបចំធ្វើលំហាត់នាគមាស ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។
“សមយុទ្ធនាគមាសឆ្នាំ២០២០” ដែលប្រារព្ធរួមគ្នា រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះ ប្រជាជនចិន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន” នឹងធ្វើឡើងតាម ការគ្រោងទុក ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធនាគមាស លើកទី៤នេះ នឹងមានកម្លាំងចូលរួមជាង ៣ពាន់នាក់ ដែលក្នុងនោះភាគីចិនមាន កងទ័ព ចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម ២៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល់ អាវុធធុនស្រាល និង បរិក្ខារយោធាមួយចំនួនទៀតជាដើម។ “សមយុទ្ធនាគមាសឆ្នាំ២០២០” នៅតែបន្តផ្តោតសំខាន់លើការ ប្រឆាំង ភេវរកម្ម និងការងារមនុស្សធម៌ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ កម្ពុជា-ចិន បន្តសិក្សារៀនសូត្រ ដកបទពិសោធន៍ទៅវិញ ទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាព ក៏ដូចជាសម្រាប់ការបំពេញ ភារកិច្ចការពារជាតិ កាន់តែមាន ប្រសិទ្ធភាព និងខ្លាំងក្លា ថែមទៀត។ សមយុទ្ធនាគមាស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខណៈដែលមិត្តភាពជាដែកថែប រឹងមាំជាងដំណាក់កាលណាៗទាំងអស់របស់ប្រទេសទាំងពីរ ត្រូវបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធបិតី នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះជាលើកទី៤ហើយ ដែលកងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាសរួមគ្នា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ ធ្វើឡើងនៅឆ្នាំ២០១៦ និង លើកទី២ នៅឆ្នាំ២០១៨ លើកទី៣នៅឆ្នាំ២០១៩។ ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធ ក៏កាន់តែធំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ៕ដោយ៖បញ្ញាស័ក្តិ