Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរ​ដ្ឋ​នៅជាយរា​ជ​ធានី​​ កំពុងជួបប្រទះខ្វះទឹ​កស្អាត, អាជ្ញាធរនឹងដឹកទឹកចែកជូន ហើយឲ្យពលរដ្ឋចេះសន្សំសំចៃលើការប្រើប្រាស់ទឹក​​ស្អាត

ភ្នំពេញ៖ ដោយប៉ុន្មានថ្ងៃ​នេះ បងប្អូនប្រជាពលរ​ដ្ឋ​ដែល​មាន​លំ​​នៅដ្ឋា​ន និងរស់នៅជាយរាជធានី​ភ្នំ​​​ពេញ ជួបប្រទះបញ្ហាកង្វះទឹកស្អាត​​​ប្រើ​ប្រាស់​ប្រ​ចាំថ្ងៃ រដ្ឋបា​ល​រាជធានី​ភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់​ លើបញ្ហាកង្វះទឹកស្អាតប្រើប្រា​​ស់ក្នុង​តំ​បន់​ជាយរាជធានីភ្នំពេញ និង​រកដំណោះ​ស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធា​នី​ភ្នំពេ​ញ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០នេះ ។ ​

ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានី​ភ្នំពេញ បានខិតខំប្រឹងប្រែងដោះស្រាយរា​ល់​បញ្ហា​ជូន​បង​ប្អូនប្រជាពលរដ្ឋក្នុងរាជធានី​ភ្នំ​ពេញ​​​ ដោយប៉ុន្មានថ្ងៃនេះបងប្អូនប្រជាពលរ​ដ្ឋ​ដែល​មានលំ​នៅដ្ឋា​ន និងរស់នៅជាយរាជធានី​ភ្នំ​ពេញ ជួបប្រទះបញ្ហាកង្វះទឹកស្អាត​ប្រើ​ប្រាស់​ប្រ​ចាំថ្ងៃ រដ្ឋបាលរាជធានីភ្នំពេ​ញ​តម្រូ​វឱ្យរដ្ឋបាលខណ្ឌទាំង​១​៤ ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់​ក្នុ​ងកា​រចូ​លរួមដោះស្រាយ និងត្រូវមានរថយន្តដឹកទឹកជូនបងប្អូនប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ជាយក្រុង​។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានី ភ្នំពេ​ញ នឹ​ងប្រើប្រាស់រ​ថ​យន្ត​ដឹកទឹក ដើម្បីដឹកជូនប្រជាពលរដ្ឋ ​ជាពិសេសនៅតំបន់ជាយក្រុង​ បើនៅតែមិនគ្រប់ នឹងប្រើរថយន្ត​អគ្គិភ័យ ដើម្បីដឹ​កទឹក​​បម្រើ​ជូន​ប្រជាព​លរ​ដ្ឋប​ន្ថែមទៀ​ត។

លោកអភិបាលរាជធានី​ភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង​១​៤ ពិសេសខណ្ឌនៅតាមជាយក្រុង​ ​ត្រូវតែផ្ដល់ព័ត៌មានឲ្យបាន​ជ្រាប អំពីបញ្ហាកង្វះទឹកនេះទៅដ​ល់ប្រ​ជាពល​រដ្ឋ ម្យ៉ាងទៀតយើងត្រូវ​រួ​ម​គ្នា ដោះស្រាយចំពោះបញ្ហានេះ​ ​ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យ​ប្រ​ជាពល​រដ្ឋ​បាន​ប្រើប្រាស់ និងជំរុញឲ្យការថែរក្សាស្រះទឹក​ ក្នុងភូមិដើម្បីដោះស្រាយទឹកមួយចំណែ​កលើ​ ​ការលាង ការស្រោ​ច និងការបោកគក់​ជា​ដើម​។

លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័​តរា​ជធានី​ភ្នំពេ​ញ បានឲ្យដឹងថា តម្រូវការប្រើទឹកជាក់ស្តែង​រ​បស់​ប្រជាព​ល​រដ្ឋ ក្នុងរាជធានីភ្នំពេញ​ត្រូ​វការ​ប្រើប្រា​ស់​ច្រើន និងម្យ៉ាងទៀត ដោយសារកម្ពស់ទឹ​កទន្លេទាប​ បានធ្វើឲ្យដំណើរការបូមទឹក​ខ្សោ​យ ហើយកា​រចែក​ចាយ​ទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែ​រ​ ហើយស្ថានភាពផ្គត់ផ្គង់ទឹ​ក​ស្អាត មិនត្រឹមតែខ្វះនៅពេ​លនេះ​​ទេ គឺបន្តខ្វះឲ្យតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២​២​ ។

លោកអគ្គនាយកបានលើក​ឡើង​ទៀត​ថា សព្វថ្ងៃនេះ
រដ្ឋាករទឹកស្វយ័​តរា​ជធានីភ្នំ​ពេ​ញ មានសមត្ថភាពផលិត​ទឹ​កស្អា​តបានទំហំត្រឹ​ម​តែ ជាង៦០ម៉ឺនម៉ែត្រគុប​ក្នុងមួ​យថ្ងៃប៉ុ​ណ្ណោះ​ ខ​ណៈដែលតម្រូវការប្រើប្រា​ស់​ជាក់ស្តែ​ង ជាង៧០ម៉ឺនម៉ែត្រគុបក្នុ​ង​១ថ្ងៃ មានន័យ​ថា​ យើងខ្វះទឹកប្រើប្រាស់ប្រមា​ណ​១០​ម៉ឺន​ម៉ែត្រគុប​ក្នុង​១ថ្ងៃ ដែលបានធ្វើឲ្យទឹ​ក​តំបន់ជាយក្រុ​ងមាន​ការខ្វះទឹ​កប្រើប្រា​ស់ខ្លាំ​ង​។

លោកស៊ឹម ស៊ីថា បានបញ្ជាក់ថា ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ ​រ​ដ្ឋាករទឹកស្វយ័តរាជ​ធា​នីភ្នំ​ពេញនៅ​ក្នុង​ឆ្នាំ២​០១៩នេះ បានចុះហត្ថលេខា ដើម្បី​សាង​ស​ង់រោងច​ក្រ​ផលិតទឹកស្អាត​មួយ ដែលមានសមត្ថភាពផលិតទឹក​បាន​ប្រមា​ណ៤​០ម៉ឺនម៉ែត្រគុបក្នុងមួយ​ថ្ងៃ ដោយប្រើប្រា​ស់​រ​យៈ​ពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែ​ ហើយ​ក្រោយ​ពីរោ​ង​ចក្រនេះ ស្ថាបនា​រួច​រាល់​នឹង​អា​ចកា​ត់ប​ន្ថយនៃការខ្វះទឹកនេះបានមួយ​ក​ម្រិ​តទៀ​ត។

លោកក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះមិនមែន​ការ​ផលិ​តទឹ​ករបស់យើងថយចុះនោះទេ ​តែ​ដោយសារតម្រូវការប្រើប្រា​ស់​កាន់​តែច្រើន គឺរាជធានីភ្នំពេញមិនត្រឹមតែរី​ក​ទទឹ​ងនិងបណ្តោយប៉ុណ្ណោះទេ ​សូ​ម្បីតែកម្ពស់ក៏បានរីកឡើង​ខ្ពស់​ផង​ដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាករ​ទឹ​កស្វ​យ័ត​រាជធានីភ្នំពេញ គ្រោងនឹងផលិតនូ​វទឹ​កឱ្យបា​នមួយលានម៉ែត្រគុបក្នុ​ង​មួយថ្ងៃ​នៅឆ្នាំ​២០​២៣ ។
ស្របពេលដែលស្ថានភាពទឹក​មា​ន​ការ​ខ្វះខាតនេះ លោកស៊ឹម ស៊ីថា ក៏បានអំពាវនាវឲ្យបងប្អូ​នប្រ​ជាពល​រដ្ឋ​ស​ន្សំសំចៃ​ លើការប្រើប្រាស់ទឹក​​ស្អាតនេះ ដើម្បីឲ្យចរន្តទឹកអាចចែកចាយ​ទៅ​ដល់ប្រជាពលរដ្ឋដែលរស់នៅ​ជា​យទី​ក្រុង បានប្រើប្រាស់ផ​ង​ ៕ដោយ៖កូឡាប

×