ភរិយានាយករដ្ឋមន្ត្រីកាណាដា អ្នកស្រី Sophie Gregoire Trudeau ត្រូវបានគេធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ហើយអ្នកស្រីកំពុងត្រូវបានដាក់នៅដាច់ដោយឡែក សម្រាប់ពេលនេះ ។
ទោះយ៉ាងណា អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីនៅតែមានសុខភាពល្អធម្មតា ហើយកំពុងចាត់វិធានការចំបាច់ទាំងអស់ ។ អ្នកស្រីបានចាប់ផ្តើមឈឺដោយមានរោគសញ្ញាដូចជំងឺផ្តាសាយ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីដំណើរកម្សាន្តទៅកាន់ទីក្រុងឡុងដ៍ (អង់គ្លេស) ដែលជាកន្លែងអ្នកស្រីបានថ្លែងនៅក្នុងព្រឹត្តិការណ៍សម្រាប់ទិវា WE ដែលជាការជួបជុំបង្កើនភាពអង់អាចដល់យុវជន ។
អ្នកស្រី Sophie Trudeau បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ទោះបីខ្ញុំកំពុងមានរោគសញ្ញាមិនស្រួលនៃវីរុសក៏ដោយ ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ»។ អ្នកស្រីបន្តថា «ការដាក់ដោយឡែកពីគ្នា (ការពាររោគឆ្លង) នៅផ្ទះ គឺគ្មានអ្វីត្រូវប្រៀបធៀបទៅនឹងគ្រួសារកាណាដាដទៃ ដែលអាចឆ្លងកាត់បញ្ហានេះ និងសម្រាប់អ្នកដែលប្រឈមនឹងសុខភាពធ្ងន់ធ្ងរជាងនេះទេ» ។
ចំណែកស្វាមីរបស់អ្នកស្រីវិញ នាយករដ្ឋមន្ត្រី Justin Trudeau ត្រូវបានគេរាយការណ៍ថាមានសុខភាពល្អ និងមិនមានរោគសញ្ញាអ្វីឡើយ ។ គាត់បានប្រកាសកាលពីថ្ងៃម្សិលមិញ (១២ មីនា) ថា គាត់នឹងត្រូវនៅដាច់ដោយឡែកពីគេ និងធ្វើការពីផ្ទះទៅ ។ គាត់បន្ទាប់មក បានបង្ហាញវត្តមាននៅទីភ្នាក់ងារសុខភាពសាធារណៈនៃប្រទេសកាណាដា និងបានរៀបចំការប្រជុំឡើងវិញ៕ អត្ថបទ៖ លឹម ហុង (ប្រភព៖ worldofbuzz)