ជាមួយនឹងស្ថានភាព Covid-19 បច្ចុប្បន្ន កំពុងបង្កការព្រួយបារម្ភនៅទូទាំងពិភពលោក មនុស្សគ្រប់គ្នាត្រូវបានគេណែនាំឱ្យជៀសឆ្ងាយពីកន្លែងសាធារណៈ និងការជួបជុំណាមួយ។ ករណីនេះត្រូវបានបង្ហាញឱ្យឃើញថា វីរុសអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយប្រសិនបើអ្នកមានវត្តមាននៅកន្លែងសាធារណៈ នោះចម្ងាយសុវត្ថិភាព ២ ម៉ែត្រ ត្រូវបានណែនាំ។ ទោះយ៉ាងណា “ ក្រុមមនុស្សជួបជុំកម្មពិធីជប់លៀង” ទាំងនេះមិនអើពើនឹងការប្រុងប្រយ័ត្នខាងសុវត្ថិភាពសោះឡើយ និងនាំភាពស្និទ្ធស្នាលរបស់ពួកគេ ឈានដល់កម្រិតថ្មីមួយដែលទទួលរងនូវផលវិបាកនៅពេលក្រោយ។
ជនជាតិថៃចំនួន ១១ នាក់ ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីចែករំលែកភេសជ្ជៈ និងបារីឲ្យគ្នាក្នុងចំណោមក្រុម ១៥ នាក់! ក្រុមនេះថែមទាំងរួមបញ្ចូលជនជាតិចិនម្នាក់មកពីហុងកុងផងដែរ ប៉ុន្តែគេមិនទាន់ដឹងថាតើអ្នកដែលឆ្លងវីរុសនេះជាអ្នកធ្វើដំណើរបានវិលត្រឡប់មកហុងកុង ភ្លាមៗបន្ទាប់ពីពិធីជប់លៀងដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧ និង ២៩ ខែកុម្ភៈ នោះទេ។
Khaosod បានរាយការណ៍ថា ការប្រកាសនេះនាំឱ្យមានករណីដែលបានរាយការណ៍សរុបនៅក្នុងប្រទេសថៃ ឡើងដល់ ៧០ ។ វេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការក្រសួងសុខាភិបាលថៃ បាននិយាយថា នេះជាករណីដំបូងដែលក្រុមមនុស្សឆ្លងវីរុស ហើយក៏ជាករណីធំជាងគេផងដែរ។ ម្យ៉ាងទៀត អ្នកទាំង ១១ នាក់នោះត្រូវបានក្រសួងចាត់ថ្នាក់ថាជា «អ្នករាលដាលជំងឺដ៏ធំ» មានន័យថាពួកគេអាចឆ្លងដល់មនុស្សជាច្រើនទៀត។
បន្ទាប់មក Sukhum បានណែនាំប្រជាជនថៃឱ្យចៀសវាងការជួបជុំគ្នាធំៗ ដូចជាពិធីជប់លៀង ឬរង្គសាល និងកុំចែកអាហារ ឬភេសជ្ជៈជាមួយអ្នកណាម្នាក់ឲ្យសោះ ៕ អត្ថបទ៖ លឹម ហុង (ប្រភព៖ worldofbuzz)