ក្រុមអ្នកច្បាប់របស់អ្នកស្រីយីងឡាក់ និងប្រើប្រាស់បទចោទប្រកាន់លំអិតរបស់តុលាការថៃ សម្រាប់ធ្វើជាមូលដ្ឋានស្នើសុំនយោបាយ ។ តាម The Nation ដែលដកស្រង់ប្រភពព័ត៌មានពីក្រុមអ្នកច្បាប់របស់អ្នកស្រីយីងឡាក់ឲ្យដឹងថា អតីតនាយរដ្ឋមន្ត្រីថៃរូបនេះកំពុងថ្លឹងថ្លែងសុំជ្រកកោននយោបាយនៅបារាំង អង់គ្លេស អាល្លឺម៉ង់។
ទោះយ៉ាងណាជម្រើសបឋម គឺប្រទេសអង់គ្លេសជាកន្លែងដែលអ្នកស្រីយីងឡាក់ កំពុងស្នាក់នៅក្រោមរូបភាពទិដ្ឋិការទេសចរណ៍ មូលហេតុព្រោះតែបងប្រុងរបស់គាត់ គឺលោកថាក់ស៊ីនមានផ្ទះនៅអង់គ្លេស ។
អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវាត្រា
The Nation ដកស្រង់ប្រភពមួយប្រាប់ថា “អ្នកស្រីយីងឡាក់ស្ថិតក្នុងសភាពល្អទេ ។ គាត់ចូលចិត្តចម្អិនម្ហូបថៃជាមួយមិត្តភក្តិជិតស្និទ ប៉ុន្តែគាត់នឹងសម្ងំស្ងៀមមួយរយៈ” ។
អ្នកស្រីយីងឡាក់បានចាកចេញពីប្រទេសថៃកាលពីចុងខែសីហា ដើម្បីទៅកាន់ឌូបៃ រួចបន្តដំណើរទៅក្រុងឡុង ។ បច្ចុប្បន្នអ្នកស្រីយីងឡាក់កំពុងត្រៀមដាក់ពាក្យសុំជ្រកកោននយោបាយ ប៉ុន្តែជាបឋមចាំបាច់ត្រូវមានបទចោទប្រកាន់លំអិតពេញលេញរបស់តុលាការ ហើយក្រុមអ្នកច្បាប់របស់អ្នកស្រី និងយកវាធ្វើជាមូលដ្ឋានសម្រាប់បំពេញបែបបទសុំជ្រកកោន ។ “យើងខ្ញុំត្រូវបញ្ជាក់ថា អ្នកស្រីយីងឡាក់កំពុងរងទទួលអំពើអយុត្តិធម៌ពីសំណាក់អ្នកនយោបាយ ហើយនៅប្រទេសថៃពុំមានសុវត្ថិភាពសម្រាប់គាត់ទេ ។ យើងខ្ញុំនឹងនិយាយប្រាប់ប្រទេសដែលអ្នកស្រីសុំសិទ្ធិជ្រកកោនថា អ្នកស្រីត្រូវប្រឈមមុខជាមួយប្រព័ន្ធច្បាប់អយុត្តិធម៌ចាប់តាំងពីរដ្ឋាភិបាលរបស់អ្នកស្រី ត្រូវបានផ្តួលរំលំរួចអ្នកស្រីត្រូវបង្ខំចិត្តចាកចេញពីមាតុប្រទេស ។
ការសុំជ្រកកោននៅអង់គ្លេសពុំមែនជារឿងងាយឡើយ អាស្រ័យដោយយន្តការច្បាប់ស្មុគស្មាញនឹងតឹងរឹង ។ កាលពីឆ្នាំទៅមិញមានតែ ២៨%ករណីប៉ុណ្ណោះទទួលបានការយល់ព្រម ។
រដ្ឋាភិបាលថៃនឹងបន្តកិច្ចប្រឹងប្រែងស្វែងរកវិធីនាំខ្លួនអ្នកស្រីយីងឡាក់មកកាន់ប្រទេសថៃវិញ ។ អគ្គរាជអាជ្ញា Thanakrit Worathanatchakul ឲ្យដឹងថា ៖ លើផ្នែកទ្រឹស្តីបណ្តាប្រទេសអាចពុំអនុញ្ញាតឲ្យធ្វើប័ត្យាប័ណ្ណ ឧក្រិដ្ឋជននយោបាយ ប៉ុន្តែអ្នកស្រីយីងឡាក់វាជាករណីពុករលួយធម្មតា វាពុំមានទាក់ទិនទៅដល់ស្ថានភាពនយោបាយប្រទេសថៃទេ ។
ប្រការដែលលំបាកបច្ចុប្បន្ននោះគឺដើម្បីធ្វើសំណើរសុំប័ត្យាប័ណ្ណបានជាបឋមត្រូវដឹងពីទីកន្លែងរស់នៅបច្ចុប្បន្នរបស់អ្នកស្រីយីងឡាក់ ពុំនោះសោតពុំអាចដាក់សំណើរសុំប័ត្យាប័ណ្ណបានឡើយ ។ ម្យ៉ាងទៀតម្ចាស់ប្រទេសដែលទទួលពាក្យសុំជ្រកកោន នៅតែមានអំណាចពេញលេញ ក្នុងការសម្រេចថា គួរធ្វើប័ត្យាប័ណ្ណដែរឬទេ ៕សូយន