ភ្នំពេញ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតជូនដំណឹងជម្រាបមក ឯកអគ្គរាជទូត និងអគ្គកុងស៊ុល កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ដោយការដាក់បម្រាមផ្អាកមិនឲ្យចូល និងមិនផ្ដល់ទិដ្ឋាការដល់ជនបរទេសមកពី ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា ។
បើយោងតាមលិខិតរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពាក់ព័ន្ធបញ្ហានេះ ក្រសួងសូមណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ ត្រូវផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ ដល់ជនបរទេសដែលមកពីប្រទេសទាំង៥ខាងលើ ចាប់ពីថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេលមួយខែសិន។ ចំពោះទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសង់ថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ។
ដោយឡែកចំពោះការគ្រប់គ្រងដំណើរការបំពេញការងាររបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ក្រសួង ស្នើឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិតិ្ដយសរបស់កម្ពុជា សម្រេចឲ្យធ្វើការតាមអនឡាញ ឬនៅការិយាល័យក្នុងករណីចាំបាច់ ទៅតាមសភាពការជាក់ស្ដែងនៃការចម្លងរាលត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ៕ដោយ៖បញ្ញាស័ក្តិ