បាត់ដំបង : សម្តេចតេជោបន្តថា បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញបំផុត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុន ដែលមានចំនួនប្រមាណ២,១៦លាននាក់ប៉ុណ្ណោះ។
នៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក “ពិធីបុណ្យទន្លេលើកទី ៦” នៅទីរួមខេត្តបាត់ដំបងដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៣-១៥ ខែមីនា ឆ្នាំ ២០២០ នៅ ទី រួម ខេត្តបាត់ដំបង ក្រោមប្រធានបទ ” ទន្លេ នៃសន្តិភាព និង ទន្លេនៃវិបុលភាព ” ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្រាប់បុណ្យទន្លេនៅឆ្នាំក្រោយ នឹងត្រូវធ្វើឡើងនៅខេត្តកំពង់ឆ្នាំង។ សម្តេចតេជោបានស្នើសុំឲ្យខេត្តផ្សេងៗទៀត ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តនីមួយៗ ដើម្បីត្រៀមខ្លួនទទួលរៀបចំបុណ្យទន្លេនាឆ្នាំបន្តបន្ទាប់ទៀត។
វិស័យទេសចរណ៍គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ចំណូលពីទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត១៣%នៃផលិតផលសរុបក្នុងស្រុក។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កឲ្យមានផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជា វិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផងដែរ។
នៅដើមឆ្នាំ២០២០នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានធ្លាក់ចុះប្រមាណជា ៣០,៧% ក្នុងនោះទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់៤០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៩។ តាមទិន្នន័យនេះបើប្រៀបធៀបជាមួយគោលដៅទេសចរណ៍ ក្នុងតំបន់ប្រទេសជិតខាងកម្ពុជា អត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺមានកំរិតស្រាលនៅឡើយ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១)ត្រូវរួមគ្នារក្សាឲ្យបាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួមគ្នារក្សាការពារនូវសន្តិភាព ដែលរកបានដោយលំបាក នឹងមិនត្រូវឲ្យប្រទេសណាមួយ ឬក្រុមណាមួយបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យមានសុខដុមសុខុមាលភាពសង្គមល្អប្រសើរជាមួយ នឹងជីវភាពរស់នៅសម្បូរសប្បាយរុងរឿងជារៀងរហូត។
២)ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវរក្សាឲ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO)។ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវបណ្ដាសំណង់បុរាណ ផ្ទះបុរាណ និងស្ពានបុរាណក្នុងខេត្តដោយមិនត្រូវឲ្យមានការកែប្រែខុសពីស្ថានភាពដើមឡើយ។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណ នៃគោលដៅទេសចរណ៍អាទិភាពរួមមាន ទេសចរណ៍ផ្ទះបុរាណ តំបន់ផ្ទះសំណាក់សត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ផ្ទះសំណាក់ហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបអាហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។
៣)ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ដែលបម្រើឲ្យវិស័យទេសចរណ៍ រួមមានអាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំ ព្រលានយន្តហោះបាត់ដំបងឡើងវិញ ដោយជំរុញឲ្យសមត្ថកិច្ចជំនាញពិនិត្យឲ្យបានហ្មត់ចត់លើការងារដ៏មានសារសំខាន់នេះទេ។
៤)ត្រូវបន្តរក្សាឲ្យមានសន្តិសុខសណ្ដាប់ធ្នាប់សង្គម គ្រប់តំបន់ទេសចរណ៍តាមបណ្ដាខេត្តជាប់ស្ទឹង ជាប់ទន្លេសាប ត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម បង្កាទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំនិងការលួចឆក់ប្លន់នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។
៥)ត្រូវជំរុញការផលិតក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ “នាំចេញនៅនឹងកន្លែង”។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ហើយត្រូវបង្កើតឲ្យមានខ្សែក្រវាត់បៃតង ក្នុងតំបន់ទេសចរណ៍តាមរយៈការបណ្ដុះបណ្ដាល ប្រជាពលរដ្ឋដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រីនិងសត្វសម្រាប់ផ្គត់ផ្គង់ដល់ទេសចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរតាមរយៈការជំរុញ និងការអភិវឌ្ឍវិស័យកសិទេសចរណ៍ឲ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្ដុះបណ្ដាលជំនាញទេសចរផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចម្អិនម្ហូបអាហារជាដើម។
៦)ជាមួយនឹងស្ថានការណ៍វិវឌ្ឍន៍ថ្មីៗ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងតំបន់ និងពិភពលោកសម្ដេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ហើយអាចការពារបាននូវជំងឺគ្រប់ប្រភេទ។ សូមបងប្អូនជនរួមជាតិផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានភាពចលាចលវឹកវរ និងអសន្តិសុខសង្គម។ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាល ជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសុខភាពអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារនិងត្រៀមលក្ខណៈសម្បត្តិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមទាំងអស់គ្នា ដើម្បីការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារឲ្យបានល្អប្រសើរ ជាជាងការភ័យខ្លាចជ្រុលហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខុមាលភាពសង្គម និងភាពសុខដុមរមនានៃជាតិសាសន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងទាំងអស់គ្នា ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោបានអញ្ជើញទស្សនាការអុចកាំជ្រួចអបអរសាទរបុណ្យទន្លេលើកទី៤ និងទស្សនាការសម្តែងសិល្បៈកម្សាន្តផ្សេងៗ នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕ដោយ៖កូឡាប