បាត់ដំបង ៖ លោករដ្ឋមន្ត្រី ថោង ខុន និងលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកប្រធានក្រុមប្រឹក្សាខេត្ត បានប្រកាសបិទព្រឹត្តិការណ៍បុណ្យទន្លេ នារាត្រីថ្ងៃទី១៥ ខែមីនានេះ ក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ មានល្ខោនរឿងប្រវត្តិភ្នំសំពៅ សិល្បៈរបាំមួយចំនួន ការដើរបង្ហាញម៉ូតអំពីក្រមាខ្មែរ និងការសម្ដែងសៀកកំប្លែងផងដែរ។
ក្រសួងទេសចរណ៍ បានប្រកាសថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ដោយមានប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់។
លោក អភិបាលខេត្ត ងួន រតនៈ បានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្ត បានរៀបចំបុណ្យទន្លេលើកទី៦នេះ ដែលបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ រីឯការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ចរាចរណ៍ជាដើមនោះ ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់កងកម្លាំងសមត្ថកិច្ចនៅគ្រប់គោលដៅ។
លោកបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សា
សុខសន្ដិភាព ស្ថិរភាពនយោបាយជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៅមុខទៀត ដើម្បីឱ្យកម្ពុជាបន្តការអភិវឌ្ឍជឿនលឿនតទៅអនាគត។
លោករដ្ឋមន្ត្រី ថោង ខុន បានរំលឹកនូវអនុសាសន៍ទាំង៦ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីម្សិលមិញ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការដែលមានវត្តមាននៅក្នុងកម្មវិធីបិទបុណ្យទន្លេនោះ។
ថ្វីដ្បិតក្នុងពិធីបុណ្យទន្លេគ្មានការភ័យខ្លាចពីជំងឺកូវីដ១៩ លោករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចចំពោះបញ្ហាជំងឺ Covid-19 ខ្លាំងហួសហេតុពេក ទោះបីជាជំងឺនេះជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ៕ ដោយ៖កូឡាប