ប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទថា អ្នកជំងឺចំនួន ៣០៣នាក់ បានជាសះស្បើយពីវីរុសកូរ៉ូណា និងបានចេញពីមន្ទីរពេទ្យ ហើយរហូតមកដល់ពេលនេះ តួលេខសរុប នៃអ្នកជាសះស្បើយមានចំនួន ១.១៣៧នាក់។
នៅពេលជាមួយគ្នានេះដែរ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ ក៏បានឲ្យដឹងដែរថា មានការឆ្លងវីរុសកូរ៉ូណាបន្ថែមចំនួន ៧៤ករណី ដែលតួលេខនេះមានការធ្លាក់ចុះបន្តិច។
ការឆ្លងថ្មីបន្ថែម ៧៤ករណី បណ្តាលឲ្យតួលេខនៃអ្នកឆ្លងសរុបកើនដល់ ៨.២៣៦នាក់។ អ្នកស្លាប់សរុបមានចំនួន ៧៥នាក់។
ចាប់ពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមរឹតបន្តឹងនៅព្រំដែនលើអ្នកដំណើរមកពីបារាំង អាឡឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងហូឡង់ជាដើម ខណៈដែលចាត់វិធានការស្រដៀងគ្នានេះលើ ចិន អ៊ីតាលី និងអ៊ីរ៉ង ដែលប្រទេសទាំង ៣នេះមានការផ្ទុះខ្លាំង។
ក្រៅពីធ្វើការវាស់កម្តៅនៅព្រលានយន្តហោះ អ្នកដំណើរដែលមកពីប្រទេសខាងលើទាំងអស់ ឥឡូវនេះ ត្រូវធ្វើការទាញយកកម្មវិធីមួយចេញដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីធ្វើការរាយការណ៍រៀងរាល់ថ្ងៃ ថាតើពួកគេមានរោគសញ្ញាទាក់ទងទៅនឹងវីរុសឬយ៉ាងណា។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានចាប់ផ្តើមការធ្វើតេស្តទៅលើមនុស្សរាប់ម៉ឺននាក់ និងតាមដានអ្នកដែលសង្ស័យ ដូចជាជាការស៊ើបអង្កេតអញ្ចឹង ដោយប្រើប្រាស់ទូរស័ព្ទ និងបច្ចេកវិទ្យាផ្កាយរណប៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia