បន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់លាយឡំពេលភ្លៀងធ្លាក់កក់ខែមួយមេយ៉ាងធំ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នៅភូមិទួលស្វាយសែនជ័យ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងការខូចខាតប៉ើងដំបូលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង នឹងរងការខូចខាតទាំងស្រុង នូវអគារវេទិកា អគារផ្ទះបាយកងទ័ព អស់ចំនួន ៤ខ្នង នៅក្នុងអង្គភាពវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១។
លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការងកងពលតូចថ្មើរជើងលេខ៤១ បានឲ្យដឹងថា៖ អគារវេទិកាទំហំ៧ម៉ែត្រគុណនឹង១៨ម៉ែត្រ ធ្វើអំពីដែក និងស៊ីម៉ងត៍ ត្រូវខ្យល់បក់ប៉ើងរបើកសំយាបខាងលិចអស់ទាំងស្រុង នឹងអគារស្នាក់នៅរបស់កងទ័ពចំនួន២ខ្នងទៀត ទំហំ៧ម៉ែត្រគុណនឹង ៣២ម៉ែត្រ បានប៉ើងរបើកក្បឿងអស់ជាង២០០សន្លឹក និងអាគារផ្ទះបាយទំហំ ៧ម៉ែត្រគុណនឹង២១ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្ហសី ក៏ត្រូវខ្យល់បក់ឲ្យរលំទ្រេតផងដែរ។
ក្នុងនោះក៏មានលំនៅដ្ឋានកងទ័ពចំនួន៣ខ្នងផ្ទះទៀត ក៏ត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែរ ស្ថិតនៅភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយទី១លំនៅដ្ឋានទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ របើកដំបូលស័ង្ហសីអស់ចំនួន១០សន្លឹក ទី២ លំនៅដ្ឋានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ បានរងការខូចខាតរបើកស័ង្ហសីចំនួន ២០សន្លឹក និងទី៣ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៨ម៉ែត្រ បានរបើកស័ង្ហសីអស់ចំនួន៦សន្លឹក។
ទោះយ៉ាងណា ខ្យល់កន្ត្រាក់នោះ មិនបណ្តាលឲ្យកងទ័ព ឬប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់របួសឡើយ ៕ដោយ ៖ បន្ទាយ