Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក​ត្រូវបាន​សហគមន៍​ចោទប្រកាន់រ​ប្រមូល​ផល​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ​

​ភ្នំពេញ​៖ អង្គការ​លីកាដូ បានចេញ​ផ្សាយ​អត្ថបទ​នៅ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០​ថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក ដែល​ទទួលបាន​ដី​សម្បទាន​ទំហំ​ជាង ៣៧០០០ ហិច​តា ត្រូវបាន​សហគមន៍​ចោទប្រកាន់​ជា​ញឹកញាប់​ថា មានការ​ពាក់ព័ន្ធ​នឹង​ការប្រមូល​ផល​ឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃ​ការពារ ក៏ដូចជា​ដើម​ជ័រ​របស់​អ្នកភូមិ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។

​សកម្មជន​បរិស្ថាន​ចំនួន​៤​រួបរួម​មាន ម្ចាស់​ពានរង្វាន់​វីរៈជន​បរិស្ថាន លោក អ៊ូច ឡេង ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តក្រចេះ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ បន្ទាប់ពី​អ្នក​ទាំង​បួន​បាន​ទទួលរង​អំពើហិង្សា​ពី​សំណាក់​សន្ដិសុខ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (Think Biotech) កាលពី​ថ្ងៃ​សុក្រ មុនពេល​បញ្ជូន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ព្រះរាជអាជ្ញា ធ្វើការ​សាកសួរ​អស់​រយៈពេល​ជាង​២​ថ្ងៃ​។ ក្រុមហ៊ុន​នេះ​មាន​ម្ចាស់​រួមគ្នា​រវាង​ជា​ជនជាតិ​តៃវ៉ាន់ និង​ខ្មែរ ដែល​ត្រូវបាន​ចោទប្រកាន់​ម្ដង​ហើយ​ម្ដងទៀត​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ អំឡុងពេល​នៃ​ការឃាត់ខ្លួន​អ្នក​ទាំង​បួន ព្រះសង្ឃ សកម្មជន និង​សមាជិក​សហគមន៍​ជាច្រើន​នាក់ បាន​ជួបជុំគ្នា​ដោយ​អហិង្សា​នៅខាងមុខ​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​អំពាវនាវ​សុំឱ្យ​ដោះលែង​អ្នក​ទាំង​បួន​វិញ​។​

​លោក អ៊ូច ឡេង ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​សកម្មជន​បណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់​បី​រូប​ទៀត​គឺ​លោក ខេ​ម សុខ​ឃី លោក ស្រី ថី និង​សកម្មជន​ការពារ​ព្រៃឈើ លោក ម៉ាន ម៉ាត់ អំឡុងពេល​ចុះ​ឃ្លាំមើល​និង​ធ្វើ​របាយការណ៍​ស្ដីពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​។​

​ទោះយ៉ាងណា នៅ​ថ្ងៃទី​១៦​ខែមីនា​នេះ សកម្មជន​បរិស្ថាន​ត្រូវបាន​ដោះលែង បន្ទាប់ពី​មានការ​តវ៉ា​ជាច្រើន​ថ្ងៃ​។​

​ទោះបីជា​មិនទាន់មាន​ការចោទប្រកាន់​ចំពោះ​សកម្មជន​ទាំង​បួន​រួប​ក្ដី ក៏​ពួកគាត់​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ក្នុងនាម​ជា​ជនសង្ស័យ ដែល​អាច​ត្រូវ​រងគ្រោះ​ដោយ​ការកោះហៅ​របស់​នគរបាល​ពេលណា​ក៏បាន​៕​ដោយ​៖​កូ​ឡាប​

×