ខេត្តពោធិ៍សាត់៖ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ព័ត៌មានសំខាន់ណាស់ដែលត្រូវយកចិត្តទុកដាក់ សម័យនេះ មនុស្សម្នាក់ គឺវិទ្យុមួយ មនុស្សម្នាក់ គឺទូរទស្សន៍មួយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ ក្នុងពិធីប្រកាសលោកប្រធានមន្ទីរព័ត៌មានថ្មី ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងថា “មានគេសួរហេតុអ្វី ក្រសួងព័ត៌មានឲ្យសិទ្ធិចេញច្បាប់គេផ្សាយច្រើនម្លេះ ហើយអ្នកបង្ហោះហ្វេសប៊ុក ជាអ្នកកាសែតដែរឬ? កន្លងមក លោកបានពន្យល់ម្ដងរួចមកហើយ អ្នកកាសែត គឺជាកាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍ ច្បាប់មានហើយកំណត់ថា អ្នកកាសែតមិនអាចជាប់គុកបានទេ កាលណាគេសរសេរសម្ដែងមតិរបស់គេ ហើយក៏មិនអាចប្ដឹងអ្នកកាសែតបានដែរ លើកលែងតែប្តឹងចាងហ្វាងការផ្សាយ នាយកវិទ្យុ នាយកទូរទស្សន៍ ពីព្រោះអ្នកសរសេរ បើអត់មានចាងហ្វាង នាយក អនុញ្ញាតឲ្យផ្សាយ ធ្វើម្តេចអ្នកសរសេរហ៊ានចេញផ្សាយ”។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា “ចំណែកអ្នកបង្ហោះ(ហ្វេសប៊ុក) បង្ហោះហើយអាចជាប់គុកភ្លាម រាល់ការបញ្ចេញមតិមិនមានច្បាប់ ជាគោល”។
សូមបញ្ជាក់ថា លោកខៀវ កាញារីទ្ធ រួមជាមួយ លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង លោក លាង ទិតដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ ចេងលាង ដែលត្រូវចូលនិវត្តន៍ ពិធីនេះប្រារព្ធធ្វើនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ នៅសាលាខេត្តពោធិ៍សាត់៕ ដោយ៖កូឡាប