ប៉ូលិសនៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ានម៉ា បានបាញ់រះលើហ្វូងអ្នកតវ៉ា បណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃពុធម្សិលមិញនេះ។
ការបង្រ្កាបរបស់កងកំលាំងរដ្ឋាភិបាលនេះកើតឡើង ក្រោយពេល ក្រុមជនជាតិដើមភាគតិចកាន់សាសនាព្រះពុទ្ធ ចំនួនជាង ៤.០០០នាក់ បានធ្វើការប្រមូលផ្តុំគ្នានៅទីក្រុងបុរាណ Mrauk U ស្ថិតក្នុងរដ្ឋរ៉ាឃីន ដើម្បីធ្វើការតវ៉ាទៅនឹងបំរាមរបស់រដ្ឋាភិបាល ដែលហាមប្រាមមិនឲ្យមានការធ្វើពិធីរំលឹកដល់ការដួលរលំនៃចក្រភពបុរាណ Arakan។
ក្នុងការបង្រ្កាបហឹង្សាកាលពីថ្ងៃអង្គារនេះផងដែរ ក៏បណ្តាលឲ្យមនុស្សជាច្រើននាក់ផងដែររងរបួស និងត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ប្រទេសមីយ៉ានម៉ាជាតំបន់ដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយក្រុមខ្លះធ្លាប់ប៉ះទង្គិចប្រដាប់អាវុធជាមួយនឹងរដ្ឋាភិបាល។
Mrauk U គឺជារដ្ឋធានីប្រវត្តិសាស្រ្ត នៃចក្រភពបុរាណ Arakan ហើយជារៀងរាល់ឆ្នាំ ប្រជាជននៅរដ្ឋរ៉ាឃីនតែងតែធ្វើពិធីរំលឹក ទៅដល់ការដួលរលំរបស់ចក្រភពនេះ ដែលត្រូវកងកំលាំងប្រទេសមីយ៉ានម៉ា បានវាយដណ្តើមយកកាលពី ២០០ឆ្នាំមុន។
នៅឆ្នាំនេះ អាជ្ញាធរមិនអនុញ្ញាតិឲ្យមានការរំលឹកព្រឹត្តិការណ៏ដូចរាល់ឆ្នាំនោះទេ ដូច្នេះ ទើបមានការតវ៉ាប្រឆាំង ហើយហ្វូងមនុស្សបានឡោមព័ទ្ធការិយាល័យរដ្ឋាភិបាល ហើយប៉ូលីសក៏បានធ្វើការបាញ់លើពួកគេ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។
សូមរំលឹកផងដែរថា នៅក្នុងរដ្ឋរ៉ាឃីន កាលពីពេលថ្មីៗនេះ ក៏មានព្រឹត្តិការណ៏បង្រ្កាបលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដោយកងកំលាំងរដ្ឋាភិបាល បណ្តាលឲ្យមនុស្សរាប់ពាន់ណាស់ស្លាប់ និងរាប់សែននាក់ទៀតរងភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស៕ សុភ័ក្ត្រ