ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ពីកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរនិងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន លើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ក៏មានការចូលរួម ពីនាយនគរបាលជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលីផងដែរ។ ក្នុងជំនួបពិភាក្សា ដ៏មានសារសំខាន់នេះ ភាគីទាំងពីរ បានលើកឡើង ពីកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី និងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន លើការប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។
នៅចំពោះមុខ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក Pablo Kang បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មម៉ូតូធំ ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hot Line) ជាមួយជនបរទេស។
លោក Pablo Kang បន្តថា អូស្ត្រាលី នៅតែបន្តជួយដល់កម្ពុជា លើការងារបណ្តុះបណ្តាល ដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណ ដល់អូស្ត្រាលី ដែលកន្លងមក បានជួយដល់នគរបាលជាតិកម្ពុជា លើពង្រឹងសមត្ថភាព ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈគម្រោងនគរបាលសហគម (CPI)៕ដោយ៖បញ្ញាស័ក្តិ