ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជម្រាបមកក្រសួងការបរទេសថា វៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ន ដល់ជនបរទេសទាំងអស់ ចូលប្រទេសវៀតណាម រយៈពេល៣០ថ្ងៃ ចាប់ពីម៉ោង០០ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ។
ចំណែកលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក នៅថ្ងៃទី១៨ខែមីនានេះថា “ខ្ញុំសោកស្ដាយណាស់ចំពោះប្រទេសវៀតណាម ដែលសម្រេចបិទច្រកព្រំដែន ជាមួយកម្ពុជាដោយ ឯកតោភាគី ដែលការធ្វើបែបនេះ ខ្ញុំចាត់ទុកថាជាទង្វើមិនសមរម្យ និងខ្វះសីលធម៌ការទូត” ។
លោក បានបន្ថែមថា កម្ពុជាទេ ដែលគួរបិទព្រំដែនជាមួយវៀតណាមនោះ ព្រោះទង្វើខុសឆ្គងមួយរបស់សារព័ត៌មានវៀតណាម ដែលដាក់កម្ពុជាចូលបញ្ជីខ្មៅ ជាពិសេសកំណើននៃចំនួនអ្នកឆ្លងកូវីដ១៩ វៀតណាម មានចំនួន លើសកម្ពុជា គុណនឹង២ ឯណោះ ។ បើបិទដោយឯកតោភាគី កុំសង្ឃឹមថា បើកវិញដោយឯកតោភាគីឲ្យសោះ ។
ជាពិសេសសូមពិចារណាចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជាផង ។
បើតាមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមចេញសេចក្តីសម្រេច ស្តីពីការគ្រប់គ្រងការចេញចូលសម្រាប់ជនបរទេស។ នៅរាត្រីថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីសម្រេច ផ្អាកការផ្តល់ទិដ្ឋាការជាបណ្តោះអាសន្នដល់ជនបរទេសទាំងអស់ ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង០០ថ្ងៃទី១៨ខែមីនាឆ្នាំ២០២០។ អ្នកដំណើរចូលវៀតណាមទាំងអស់ នឹងទទួលការត្រួតពិនិត្យសុខភាព និងវិធានការបង្ការផ្សេងទៀត ឬការដាក់ឲ្យនៅដាច់ដោយឡែក ស្របតាមបទបញ្ជារបស់វៀតណាម៕ដោយ៖កូឡាប