ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចបិទព្រំដែនបណ្តោះអាសន្ន ជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋទាំងពីរ ចេញចូលឡើយ ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមសម្តែងគារវកិច្ច ចំពោះស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំរាជធានីភ្នំពេញ ដោយសូមស្នើស្ថានទូតបញ្ជូនសារជូនដល់អាផ្ញាធរពាក់ព័ន្ធរបស់វៀតណាមចំនួន៦ចំណុច។
បើតាមសេចក្តីជូនដំណឹង “ប្រញាប់ណាស់ “របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ថា ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣និង៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពារការរីករាលដាល នៃវីរុសកូវីដ១៩ កម្ពុជាសូមស្នើឲ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋវៀតណាម កុំឲ្យធ្វើដំណើរមកប្រទេសកម្ពុជា តាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងអំឡុងពេលសុភពភាព នៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមាន ចាប់ពីម៉ោងសូន្យ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។
សំណើខាងលើត្រូវបានធ្វើឡើង ក្នុងបំណងចៀសវាង មានការលំបាកកើតឡើង នៅច្រកព្រំដែនរួមរវាងប្រទេសទាំងពីរ ដោយយោងលើការកើនឡើង យ៉ាងគំហុកនូវការរកឃើញករណីឆ្លងកូវីដ១៩ ខណៈដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឲ្យបានដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។ ភាគីកម្ពុជា ស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីសម្របសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។ ភាគីកម្ពុជា ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន នៃប្រទេសវៀតណាម ជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ ឲ្យនៅដាច់ពីគេ ក្នុងប្រទេសវៀតណាម ប្រសិនបើមាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសារជាសំឡេងផ្ញើទៅកាន់អាជ្ញាធរខេត្ត ជាប់ព្រំដែន និងថ្នាក់ដឹកនាំពាក់ព័ន្ធ ហើយត្រូវបានបែកចេញ លើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃ១៩ មីនានេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យពលរដ្ឋ វៀតណាមចូលមកកម្ពុជានេះ គឺក្រោមហេតុផលជួយសម្រួល ដល់ពលរដ្ឋវៀតណាម កុំឲ្យពិបាកពេលចូលមកកម្ពុជាហើយ ពេលចូលទៅវៀតណាមវិញ ត្រូវអាជ្ញាធរវៀតណាម ដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាម ក៏បានប្រកាសបិទព្រំដែន ជាមួយកម្ពុជាជាឯកតោភាគី ។ អាជ្ញាធរ នៅតាមបណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ទាក់ទងទៅស្នើសុំពលរដ្ឋកម្ពុជា មកស្រុកកំណើតវិញ ប្រសិនបើបានចូលទៅហើយ ត្រូវអាជ្ញាធរវៀតណាម ដាក់បម្រាមឲ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះ ។ បន្ទាប់ពីនោះ អាជ្ញាធរតាមច្រកព្រំដែនទាំងអស់ ចាប់ពីម៉ោង ១២យប់ ថ្ងៃទី២០ មីនា មានន័យថា យើងបាន ជូនដំណឹងឲ្យវៀតណាមមុនជាង ៤៨ម៉ោង ខុសពីវៀតណាមដែលមិនបាន ជូនដំណឹងដល់យើងទាល់តែសោះ ដូច្នេះនេះមិនមែនជាគោលការណ៍បដិការទេ គោលការណ៍បដិការកាលណាបិទ គឺបិទទាំងអស់គ្នា ហើយបម្រាមនេះ នឹងត្រូវធ្វើរហូតដល់វៀតណាម លើកបម្រាមចេញតែម្ដង ។ ការមិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ៕ ដោយ៖កូឡាប