ភ្នំពេញ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ការចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត កូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីណែនាំ ការចាត់វិធានការជាបន្ទាន់ ដូចជា៖
១-គ្រប់កងឯកភាពត្រូវអប់រំដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាជនឱ្យបានយល់ដឹងអំពីឥទ្ធិពលនៃជំងឺរាតត្បាត កូ
វីដ-១៩ និងដាក់ចេញវិធានការការពារ ទប់ស្កាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
២-ដើម្បីចូលរួមបង្ការ ការពារ ទប់ស្កាត់ គ្រប់អង្គភាពត្រូវកាត់បន្ថយការជួបជុំ ឬប្រជុំគ្នាចាប់ពីចំនួន៣០ នាក់ឡើងទៅ លើកលែងក្នុងករណីចាំបាច់ត្រូវរក្សាគំលាតពីមនុស្សម្នាក់ទៅម្នាក់ចម្ងាយ ១.៥ ម៉ែត្រ ទៅ ២ ម៉ែត្រ យ៉ាងតិច។
៣-ពង្រឹងស្មារតីដល់យោធិនជំនាញគ្រប់ថ្នាក់ឱ្យរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមបទបញ្ជារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
៤-ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឱ្យមានជំងឺភ័យខ្លាចហួសហេតុ ជំងឺរើសអើង រក្សាអនាម័យល្អ រស់នៅស្អាត ផឹកស្អាត និងហូបស្អាត។
៥-ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា វិទ្យាស្ថានហ្វឹកហ្វឺន ត្រូវមានការត្រួតពិនិត្យសុខភាព និងលាងសំអាតដៃគ្រប់ពេល។
៦-កងឯកភាព សាលា និងវិទ្យាស្ថានហ្វឹកហ្វឺននានា មិនត្រូវអនុញ្ញាតឱ្យសិក្ខាកាមចេញក្រៅ បរិវេណសាលា និងកងឯកភាពជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ ហើយពេល ចូលមកវិញត្រូវមានការត្រួតពិនិត្យ។
៧-ត្រូវចូលរួមទប់ស្កាត់រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាមបណ្តាញ សង្គម និងប្រភពផ្សេងៗដែលបំភ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។
៨-ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញា សង្ស័យពាក់ព័ន្ធជំងឺ កូវីដ-១៩ ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខទូរស័ព្ទ ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់៕ ដោយ៖កូឡាប