ឡើងមុនក្បាលខ្មៅនិងក្បាលសជាបញ្ហាទូទៅបំផុតមួយដែលកើតមានមិនថាចំពោះមនុស្សប្រុស ឬស្រី! ភាគច្រើនវាកើតមានត្រង់ចង្កានិងច្រមុះ។ ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមនេះជារូបមន្តធម្មជាតិងាយៗដែលអាចជួយដោះស្រាយបញ្ហាស្បែកងាប់ៗនិងកម្ចាត់មុនក្បាលខ្មៅនិងក្បាលសឆាប់រហ័ស ៖
១. ផ្នែកពណ៌សនៃស៊ុត
ជាប្រភពដ៏ប្រសើរនៃសារធាតុសេលេញ៉ូមដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកកម្ចាត់មុនបានយ៉ាងឆាប់រហ័ស។ ជាដំបូងអ្វីដែលអ្នកត្រូវធ្វើ គឺលាងសម្អាតមុខឱ្យស្អាតនិងជូតផ្ដិតឱ្យស្ងួតជាមុនសិន។ បន្ទាប់មកកូរវឹកផ្នែកពណ៌សនៃស៊ុតរួចលាបពី ៣ ទៅ ៥ ស្រទាប់លើស្បែកមុខដែលមានបញ្ហាមុន។ ទោះជាយ៉ាងណាត្រូវទុកឱ្យស្រទាប់នីមួយៗស្ងួតសិនសឹមលាបមួយស្រទាប់ៗបន្ត។ នៅពេលមានអារម្មណ៍ថាតឹងស្បែកឬម៉ាសស្ងួត ចូរបកថ្នមៗនិងលាងសម្អាតមុខចេញជាការស្រេច។ អ្នកក៏អាចលាយផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ចំនួន ១ ស្លាបព្រាកាហ្វេ។ កូរលាយចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី ហើយលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន សឹមលាងជាមួយទឹកត្រជាក់តាមក្រោយ។
២. ទឹកឃ្មុំលាយទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយមួយជាន់លើមុនក្បាលខ្មៅ។ បន្ទាប់មកប្រើប្រាស់ក្រដាសជូតមាត់សង្កត់ពីលើ។ ទុកឱ្យស្ងួតសម្រាប់រយៈពេលប្រហែល ២០ នាទី។ សឹមបកចេញថ្នមៗនិងលាងសម្អាតចេញជាមួយទឹកត្រជាក់។
៣. ទឹកក្រូចឆ្មារស្រស់
លាងសម្អាតមុខឱ្យស្អាត រួចជូតឱ្យស្ងួត។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ទឹកក្រូចឆ្មារស្រស់លាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍មុនពេលចូលគេង។ លាងសម្អាតចេញនៅពេលព្រឹក។
៤. ប្រទាលកន្ទុយក្រពើ
លាយសាច់ ឬជែលប្រទាលកន្ទុយក្រពើចំនួន ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ចំនួនពី ២ ទៅ ៣ ដំណក់។ កូរឲ្យសព្វ សឹមលាបទឹកល្បាយលើមុន ឬតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលរហូតដល់ស្បែកស្រូបយកជាតិល្បាយ។ ហើយដើម្បីកម្ចាត់ក្បាលខ្មៅអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុនក្បាលខ្មៅ និងទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តរាល់ថ្ងៃជាប្រចាំដើម្បីទទួលបានស្បែកស្រស់ថ្លារលោងស្អាត។
៥. ទឹកខ្ពុរមាត់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកខ្ពុរមាត់លើមុនក្បាលខ្មៅទាំងនោះជាការស្រេច។ ជាតិអាល់កុលដែលមានផ្ទុកនៅក្នុងទឹកខ្ពុរមាត់សម្ងួតមុនទាំងនោះយ៉ាងឆាប់រហ័ស ព្រមទាំងសម្លាប់បាក់តេរីទប់ស្កាត់មិនឱ្យឆ្លងមេរោគផងដែរ។ បើប្រៀបធៀបទៅនឹងទឹកថ្នាំកម្ចាត់មុនដទៃទៀតដាក់លក់តាមទីផ្សារដែលមានផ្ទុកសារធាតុគីមីខ្លាំង នោះទឹកខ្ពុរមាត់ គឺជាផលិតផលប្រសើរបំផុតសម្រាប់សុខភាពស្បែករបស់អ្នក។
៦. ខ្ទឹមស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមសឱ្យក្លាយជាម៉ដ្ឋខាប់ៗ។ បន្ទាប់មកលាយទឹកស្អិតៗនៃខ្ទឹមសដែលចិញ្ច្រាំរួចនោះលើមុនក្បាលខ្មៅនិងទុកចោលសម្រាបរយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕
អត្ថបទ៖ health