សៀមរាប៖ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ ក្រុមតារាសិល្បៈជាច្រើនរូប ក្នុងនោះមានអ្នកនាង ខាត់ សុឃីម និងស្វាមី បានរួមគ្នាជាមួយអ្នកតវ៉ាប្រមាណ៣០០នាក់ផ្សេង រួមគ្នាលើកបដាទាមទារឱ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យពុះដីឡូតិ៍ Enarita ខណៈឆបោកប្រជាពលរដ្ឋចំនួន ១៦ខេត្ត ពាក់ព័ន្ធជាមួយលុយ ៨០លានដុល្លារ ហើយចេញសែកស្អុយ។
អ្នកនាង ខាត់ សុឃីម ដែលជាមេដឹកនាំតវ៉ា ហើយក៏ជាម្ចាស់ភាគហ៊ុនមួយរូបក្នុងក្រុមហ៊ុនអចលនទ្រព្យពុះដីឡូតិ៍នេះ បានថ្លែងថា តុលាការខេត្តសៀមរាប បន្តឃុំខ្លួនលោក ជិតមួយឆ្នាំហើយ ហើយបណ្ដាលឱ្យលោក ឌឹម សួនណាត មិនអាចចេញមកដោះស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន។
អ្នកនាង ខាត់ សុឃីម និងអ្នកតវ៉ា បញ្ជាក់ថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុន Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសារ២ពាន់គ្រួសារក៏គ្មានដំណោះស្រាយនោះដែរ។
អ្នកនាង ខាត់ សុឃីម និយាយថា លោកឌឹម សួនណាត ត្រូវបានចោទប្រកាន់ពីបទលក់ដីខ្យល់ និងឆបោក ហើយត្រូវឃុំក្នុងតុលាការខេត្តសៀមរាប ដែលបណ្ដាលឱ្យអ្នកវិនិយោគគម្រោងជាមួយលោក រាប់ពាន់គ្រួសារគ្មានការសងត្រឡប់។ លោក ឌឹម សួនណាត ត្រូវបានដោះលែង ទើបក្រុមអ្នកបណ្ដាក់ទុនវិនិយោគទាំងអស់ ទទួលបានយុត្តិធម៌ ក្នុងការទទួលបានប្រាក់វិនិយោគជាមួយក្រុមហ៊ុនកន្លងមក។ អ៊ីចឹងហើយ ទើបអ្នកនាង និង គ្រួសារដែលជាដៃគូវិនិយោគជាមួយលោក ឌឹម សួនណាត សរុបប្រមាណ ៣០០នាក់ ត្រូវរួមគ្នាធ្វើញត្តិសុំអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រី និង នាំគ្នាមកតវ៉ានៅមុខតុលាការខេត្តសៀមរាបតែម្ដង ដើម្បីស្នើឱ្យតុលាការខេត្តសៀមរាប ដោះលែង លោក ឌឹម សួនណាត ដើម្បីកុំឱ្យលោកបន្តជាប់ឃុំ និងអាចឱ្យលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ ដែលបានដាក់ហ៊ុនមុនពេលតុលាការធ្វើការចោទប្រកាន់។
សូមបញ្ជាក់ថា លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita ត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ។
ចំណែកការចាប់ខ្លួនលោក ឌីម សួនណាត ដោយសារតែមានដីកាចំនួន៤ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋចំនួន ១៦ខេត្ត ពាក់ព័ន្ធជាមួយលុយ ៨០លានដុល្លារ។ ហើយតួលេខលុយ២០០ ទៅ ៣០០លានដុល្លារ ប្រហែលជាមានពាក្យបណ្តឹងជាបន្តបន្ទាប់ផ្សេងទៀត។ ខណៈដែលការចាប់ខ្លួនលោក ឌីម សួនណាត ខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita វិនិយោគលើការពុះដីឡូតិ៍លក់នៅតាមបណ្ដាខេត្តមួយចំនួន ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋនៅកម្ពុជានិងនៅប្រទេសកូរ៉េតាមរយៈការដាក់ទុកវិនិយោគ (ការប្រាក់ខ្ពស់)ដែលមានចំនួនទឹកប្រាក់ប្រមាណជា ៨០លានដុល្លារ។
ពលករនៅប្រទេសកូរ៉េ រាប់រយនាក់ បានចាញ់បោក ក្រុមហ៊ុនEnarita តាមរយៈការដាក់ទុកវិនិយោគ ជាមួយនិងការប្រាក់ខ្ពស់ គឺ ដាក់លុយ ចាប់ពី១ម៉ឺនដុល្លារ និងបានទទួលការប្រាក់ ២០ភាគរយ បើដាក់ចាប់ពី ២ ឬ៣ ម៉ឺនដុល្លារឡើងទៅ អាចទទួលបានការប្រាក់ពី២៥ទៅ ៣០ភាគរយ និយាយទៅដាក់កាន់តែច្រើន ទទួលបានការប្រាក់ កាន់តែខ្ពស់៕ ដោយ៖កូឡាប