នាវាមុជទឹកវាយលុកនុយក្លេអ៊ែរ Shang របស់ចិន ត្រូវបានជប៉ុនរកឃើញថា កំពុងក្រវែលកៀក Okinawa ដែលនៅទីនោះមានមូលដ្ឋានយោធាអាមេរិក។
ទើបត្រូវរកឃើញនៅកៀកមូលដ្ឋានយោធាអាមេរិក
រដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera បានបញ្ជាក់ថា នាវាមុជទឹករបស់ចិននេះ គឺជានាវាមុជទឹកវាយលុកនុយក្លេអ៊ែរ។ វាបានរកឃើញកំពុងក្រវែលជិតតំបន់កោះជម្លោះរវាងជប៉ុននិងចិន នៅសមុទ្រចិនខាងកើត ព្រមទាំងស្ថិតនៅយ៉ាងកៀកជាមួយមូលដ្ឋានយោធាអាមេរិក នាកោះ Okinawa។ មូលដ្ឋានយោធាអាមេរិកនេះ មានពលទាហានប្រមាណ ២៦.០០០នាក់ ព្រមទាំងយន្តហោះ នាវាប្រយុទ្ធរាប់រយគ្រឿង។
លោក Itsunori សង្កត់ធ្ងន់ថា “នាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ប្រទេសមួយដែលស្ថិតនៅក្រោមតំបន់ទឹកកៀកប្រទេសមួយផ្សេង គឺផ្ទុយនឹងគោលការណ៍អន្តរជាតិ។ នាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែរអាចធ្វើដំណើរក្នុងអំឡុងពេលយ៉ាងច្រើនម៉ោង ហើយពិបាកនឹងពិនិត្យឃើញ ព្រោះតែវាមានសមត្ថភាពមុជចុះក្នុងជម្រៅទឹកយ៉ាងជ្រៅ”។
នាវាមុជទឹកចិន Shang មានទម្ងន់ ៧០០០តោន និងបណ្តោយប្រវែង១១០ម៉ែត្រ ត្រូវបានបំបាក់កាំជ្រួចមានកម្មវិធីនាំផ្លូវ គ្រាប់បែកក្នុងទឹក និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរ។ នេះជាប្រភេទនាវាមុជទឹក ដ៏ទំនើបបំផុតរបស់ទ័ពជើងទឹកប្រទេសចិន។
ការដែលនាវាមុជទឹកវាយលុកចិន ត្រូវបានចាប់ភស្តុតាងថា កំពុង”លាក់ខ្លួន” នៅជិតមូលដ្ឋានយោធាអាមេរិក បានកើតឡើងស្របពេលដែលក្រុងប៉េកាំងនឹងវ៉ាស៊ីនតោន កំពុងមានភាពតានតឹងព្រោះតែខ្វែងគំនិតគ្នាចំពោះវិធីដោះស្រាយវិបត្តិនៅកូរ៉េខាងជើង៕ ចន្ទ្រា