ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតប្រកាន់រើសអើងនេះ កុំថាឡើយបងប្អូនខ្មែរឥស្លាមយើង សូម្បីតែជនបរទេសផ្សេងទៀត ដែលមានបញ្ហា គឺយើងមើលថែទាំទាំងអស់។
ជំងឺ កូវីដ-១៩នេះ មកដល់ពេលនេះ បានរីករាលដាលពេញពិភពលោកហើយ ដោយឡែកប្រទេសកម្ពុជារបស់យើង ក៏មានការកើនឡើង នូវអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩នេះផងដែរ។ ហើយក្រសួងមហាផ្ទៃ បានអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញ របស់រាជរដ្ឋាភិបាល យើងបានយកចិត្តទុកដាក់ចាត់ចែង ដើម្បី ទប់ស្កាត់ការពារជំងឺនេះ តាំងពីដើមមក។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពេលដែលសម្តេច បានដឹកនាំកិច្ចប្រជុំស្ដីពីវិធានការណ៍ការពារ មេរោគវិរុសកូរូណា ឬហៅថា ជំងឺកូវីដ-១៩ (COVID-19)។
ជាងនេះ សម្តេចបាន បញ្ជាក់ថា សាលានគរបាលជាតិមួយចំនួន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីរក្សាការពារការរាតត្បាតនៃជំងឺកូរ៉ូណាថ្មីនេះ។ សម្តេច បានបន្តគួសបញ្ជាក់ថាវីរុសកូវីដ១៩នេះ គឺភាគច្រើនឆ្លងចូលពីបណ្តាប្រទេសផ្សេងៗ តាមច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សម្តេចបានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ចូលរូមអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនឱ្យបានខ្ពស់ពីការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាជំងឺកូវីដ១៩ មកដល់ពេលនេះបានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជាយើង ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។ សម្ដេចបន្តថាក្រសួងមហាផ្ទៃ បានបន្តអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងជំនាញគឺក្រសួងសុខាភិបាល ដោយបានយកចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺនេះតាំងពីដើមទីមក តាមរយៈការណែនាំឱ្យមន្ត្រីទាំងអស់ក្នុងក្រសួងត្រូវមានអនាម័យ មានការវាស់កំដៅ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។
សម្ដេចក៏បានមានប្រសាសន៍ថានៅក្នុងផ្ទៃក្នុងក្រសួង ក៏បានណែនាំជាលាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការដែរ ហើយសម្រាប់អង្គភាពដោយឡែកៗ ដូចជាអង្គភាពខាងពន្ធនាគារ ដើម្បីការពារកុំឱ្យឆ្លងដល់អ្នកជាប់ឃុំក៏ក្រសួងបានគិតគូរដែរ។ សម្ដេចបានបន្ថែមថានឹងផ្អាកជាបណ្ដោះអាសន្ន ការសួរសុខទុក្ខអ្នកជាប់ឃុំ ហើយអ្នកដែលទើបឃាត់ខ្លួនថ្មីៗ ក៏ត្រូវបានគិតសម្រាប់ការរៀបចំទុកដាក់ពួកគាត់ ដើម្បីកុំឱ្យឆ្លងដល់អ្នកជាប់ឃុំផ្សេងទៀតដែរ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡហោម ស ខេង ក៏បានមានប្រសាសន៍ថា កងអន្តរាគមន៍ដែលជាកន្លែងប្រមូលផ្ដុំ កងកម្លាំងក៏ត្រូវបានណែនាំឱ្យអនុវត្តវិធានការការពារនេះ។ បន្ថែមពីនេះក្រសួងក៏បានណែនាំ ឱ្យបិទសាលាចំណុះទាំងអស់ ទាំងសាលាបណ្ដុះបណ្ដាលនគរបាលតាមភូមិភាគទាំង៦ និងបណ្ឌិត្យសភានគរបាល។ សម្ដេចបានបន្តថា ក្រសួងមហាផ្ទៃក៏បានបង្កើតគណៈកម្មការដោយឡែកសម្រាប់ក្រសួង និងមានក្រុមការងារតាមអគ្គនានា ព្រមទាំងផ្សព្វផ្សាយដល់មន្ត្រីបុគ្គលិកទាំងអស់ក្នុងក្រសួងមហាផ្ទៃ។
ដោយឡែកសាលាផ្នែកស៊ីវិលបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលមូលដ្ឋាន ក៏ត្រូវបានសម្រេចឱ្យផ្អាកដូចគ្នា។ ចំណែកការគាំទ្ររដ្ឋបាលមូលដ្ឋាន សម្ដេចក៏បានចេញគោលការណ៍ ណែនាំឱ្យមានការរៀបចំផ្ទាំងផ្សព្វផ្សាយនានា ដើម្បីចែកយកទៅបិទនៅតាមសាលាឃុំសង្កាត់ និងទីប្រជុំជននៅមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចក៏បានមានប្រសាសន៍ ពីការយកចិត្តទុកដាក់ចំពោះច្រកផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ សម្ដេចបានមានប្រសាសន៍ថា ជំងឺនេះភាគច្រើនចូលកម្ពុជាតាមច្រកអាកាស និងច្រកទឹក ដូចជាតាមកប៉ាល់ពីវៀតណាម។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា កន្លងមកអាចមានការចោទសួរថា ម្ដេចបានជានគរបាលអន្តោប្រវេសន៍ ឱ្យជនទាំងនោះចូលតាមច្រកទឹក ឬអាកាសស្រួលម្លេះ? សម្ដេចផ្ដល់ការពន្យល់ជូនសាធារណៈមតិថា ជាការពិត ព្រោះកន្លងមកមន្ត្រីអន្តោប្រវេសន៍ មិនបានទទួលការណែនាំណាមួយ ពីខាងក្រសួងសុខាភិបាល ដូចជាគោលការដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃនោះទេ។ សម្ដេចបានមានប្រសាសន៍ថា អ្នកដែលបានរកឃើញថាមានឆ្លងជំងឺពីម៉ាឡេ គឺបានឆ្លងចូលប្រទេសកម្ពុជា តាំងពីដើមខែមីនា។
ពាក់ព័ន្ធនឹងច្រកផ្លូវគោកជាមួយបណ្ដាប្រទេសជិតខាង សម្ដេចបានមានប្រសាសន៍ ពីការដាក់វិធានការពីភាគីវៀតណាម ហើយភាគីកម្ពុជា ក៏បានដាក់ចេញវិធានការនេះដូចគ្នា។ យ៉ាងណាក៏ដោយសម្ដេច បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរទំនិញនៅរក្សាភាពប្រក្រតី ដោយមានបញ្ហាតែនៅច្រកត្រពាំងផ្លុង ប៉ុន្តែក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ។ ដោយឡែកជាមួយខាងឡាវ មិនមានបញ្ហាអ្វីទេ ប៉ុន្តែខាងថៃ សម្ដេចបានទទួលព័ត៌មានក្រៅផ្លូវការថា ថៃអាចនឹងបិទច្រកទ្វារអូស្មាច់ ដោយក្រសួងនៅបន្តតាមដាន។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាមិនទាន់មានគោលការថ្មី ក្នុងការហាមជនបរទេស មិនឱ្យចូលប្រទេសកម្ពុជា ក្រៅតែពីអ្វីដែលបានប្រកាសកន្លងមកនោះទេ។ ដោយឡែកពាក់ព័ន្ធនឹងការរើសអើង ប្រកាន់ដល់បងប្អូនខ្មែរឥស្លាម ដែលត្រូវបានរកឃើញ មានជំងឺកូវីដ១៩ បន្ទាប់ពីទៅធ្វើពិធីសាសនានៅម៉ាឡេស៊ីនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ច្បាប់ និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតប្រកាន់រើសអើងនេះ កុំថាឡើយបងប្អូនខ្មែរឥស្លាមយើង សូម្បីតែជនបរទេសផ្សេងទៀត ដែលមានបញ្ហា គឺយើងមើលថែទាំទាំងអស់។
ដោយឡែកពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាការរិះគន់ ឬតិទៀនដោយផ្អែកលើព័ត៌មានពិត គឺមិនមានអ្វីជាការខុសឆ្គងទេនៅក្នុងសង្គមប្រជាធិបតេយ្យដូចកម្ពុជា ប៉ុន្តែការសរសេរបង្ហោះព័ត៌មានដែលមិនមែនជាការពិត មិនគួរកើតមានឡើយ ពិសេសនៅក្នុងបរិបទដែលសាកលលោកកំពុងប្រឈមមុខននឹងការរាតត្បាតជំងឺកូវីដ១៩។ សម្ដេចបានមានប្រសាសន៍ថាអ្នកទាំងឡាយណា ដែលនៅតែប្រើព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គម នឹងប្រឈមមុខចំពោះផ្លូវច្បាប់។
ពាក់ព័ន្ធនឹងការលើកឡើងដែរថាការបិទច្រកព្រំដែន ពិសេសជាមួយវៀតណាម ដែលអាចប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដូចជាទំនិញឡើងថ្លៃជាដើមនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាជាការពិតយើង និងប្រទេសផ្សេងៗដែលកំពុងប្រឈមមុខនឹងបញ្ហាកូវីដ១៩នេះ គឺបានដឹងជាមុនហើយថាប្រាកដជាមានការប៉ះពាល់ ប៉ុន្តែកិច្ចការចំពោះមុខគឺការពារអាយុជីវិតពលរដ្ឋ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ដោយឡែកបញ្ហាអ្វីៗផ្សេងទៀតរាជរដ្ឋាភិបាល នឹងខិតខំដោះស្រាយទៅតាមស្ថានភាពជាក់ស្ដែង។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសារារចណែនាំលេខ ០១ ចុះថ្ងៃទី ១៥មីនា ឆ្នាំ២០២០ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បានៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវសេចក្តីសម្រេច ២៩ សសរ ចុះថ្ងៃទី១៨ មីនា ឆ្នាំ២០២០ ស្តីពីការបង្កើតគណកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធាន និងមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធាន ហើយរដ្ឋបាលរាជធានីខេត្ត ក៏បានបង្កើតនូវគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្នាក់រាជធានី ខេត្ត របស់ខ្លួន និងបានចូលរួមយ៉ាងសកម្មក្នុងការងារនេះផងដែរ។
ជាមួយគ្នានេះ ក្រសួង ស្ថាប័ន្ថរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា បានសហការយ៉ាងជិតស្និទ្ធក្នុងការចាត់ចែង អនុវត្តនូវវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖កូឡាប