អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើការព្រមាននៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ ដោយសារវីរុសកូរ៉ូណា ជាពិសេសនៅក្នុងប្រទេសក្រីក្រ ប្រសិនជាវារីករាលដាល ដោយគ្មានការត្រួតពិនិត្យ។ លោកបានអំពាវណាឲ្យមានការឆ្លើយតប ជាសកលប្រឆាំងនឹងវីរុសនោះ។
លោកថ្លែងថា “ប្រសិនជាយើងឲ្យវីរុសនោះ រីករាលដាលដូចជាភ្លើងឆេះព្រៃ វានឹងសម្លាប់មនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់ដែលងាយរងគ្រោះ។
លោកថា “សាមគ្គីភាពជាសកល មិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាប្រយោជន៍រួមរបស់មនុស្សគ្រប់គ្នា”។
លោកបន្ថែមទៀតថា “យើងត្រូវផ្លាស់ប្តូរជាបន្ទាន់ពីស្ថានភាពមួយ ដែលប្រទេសនីមួយៗ កំពុងអនុវត្តយុទ្ធសាស្ត្រសុខាភាពរបស់ខ្លួន ទៅជាវិធានការដែលមានតម្លាភាពពេញលេញ និងការឆ្លើយតបជាសកល រួមមានការជួយប្រទេសផ្សេងៗ ដែលបានត្រៀមខ្លួនតិចតួច ក្នុងការដោះស្រាយវិបត្តិនោះ”។
លោក បានជំរុញឲ្យរដ្ឋាភិបាលទាំងអស់ ផ្តល់ការគាំទ្រឲ្យខ្លាំង ទៅដល់កិច្ចប្រឹងប្រែងពហុភាគី ប្រឆាំងនឹងវីរុសកូរ៉ូណា ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា ពិភពលោកកំពុង ត្រូវបានញាំញីយ៉ាងខ្លាំង ដោយសារវីរុសមរណៈ ដែលបានផ្ទុះឡើង កាលពីចុងឆ្នាំមុន នៅក្នុងប្រទេសចិន។ រហូតមកដល់ពេលនេះ វីរុសដ៏កាចសាហាវនេះ បានផ្តាច់ជីវិតមនុស្សជិត ៩.០០០នាក់ និងបានឆ្លងទៅកាន់មនុស្សជាង ២០០.០០០នាក់ជុំវិញពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA