ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
ដើម្បីចូលរួមក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ សរុបចំនួន៣០ម៉ឺនដុល្លារ សម្រាប់ជួយដល់រាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ច។ ជាមួយគ្នានេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានផ្តល់ជំនួយជាថវិកាមួយចំនួន ដល់រាជរដ្ឋាភិបាល។
សម្តេចតេជោ បានប្រកាសថា នៅក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែជួបប្រទះនឹងគ្រោះភ័យ ដែលបង្កឡើងដោយជំងឺរីករាលដាលកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងតែចាត់វិធានការមួយចំនួន ដើម្បីទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាល នឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង។
ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីទីតាំងទាំង២កន្លែង សម្រាប់សម្រួល ដល់ការទទួលជំនួយពីសប្បុរសជនរួមមាន៖កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។ កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល៕ដោយ៖កូឡាប