ចិននៅថ្ងៃសុក្រម្សិលមិញ បានប្រកាសថា មានការឆ្លងវីរុសកូរ៉ូណាចំនួន ៤១ករណី ដែលសុទ្ធតែករណីឆ្លងមកពីប្រភពខាងក្រៅ ខណៈដែលប្រជាជនចិន ជាច្រើននៅអាមេរិច និងអឺរ៉ុប បានត្រឡប់ចូលប្រទេសវិញ។
ការចម្លងវីរុស COVID-19 មកពីប្រភពខាងក្រៅដ៏ច្រើននេះ បណ្តាលឲ្យមានការព្រួយបារម្ភពីការផ្ទុះលើកទី ២ ខណៈដែលការផ្ទុះដំបូងកាលពីចុងឆ្នាំមុនបានស្រាកស្រាន។
ការឆ្លងថ្មីចំនួន ៤១ករណីក្នុងប្រទេសចិន សុទ្ធតែមកពីបរទេស បណ្តាលឲ្យការឆ្លងសរុបមកពីប្រភពខាងក្រៅ កើនដល់ចំនួន ២៦៩ករណី។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលជាតិចិន នៅថ្ងៃសៅរ៍នេះ។
ទីក្រុងប៉េកាំង និងសៀងហៃ គឺជាចំណុចច្រកចូលដ៏សំខាន់ នៃអ្នកទាំងអស់នោះ ដែលពួកគេមួយចំនួនជានិស្សិតសិក្សានៅក្រៅប្រទេស។ ពួកគេបានត្រឡប់មកប្រទេសចិនវិញ ក្រោយពេលសកលវិទ្យាល័យជាច្រើន នៅសហរដ្ឋអាមេរិច និងអឺរ៉ុបត្រូវបានបិទ ដោយសារតែវិបត្តិកូរ៉ូណា។
រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនមានអ្នកឆ្លងសរុបចំនួន ៨១.០០៨ករណី ខណៈដែលអ្នកស្លាប់មានចំនួន ៣.២៥៥នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia