ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថាខណ្ឌបឹងកេងកងនឹងបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នាសប្តាហ៍ក្រោយនេះ ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ មីនានេះបានបញ្ជាក់ថា ជុំវិញព័ត៌មានដែលថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះវាជាព័ត៌មានមិនមានការពិតនោះទេ។
លោកម៉េត មាសភក្តី បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញមិនមានហេតុផលបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនោះទេ ។
ការបញ្ជាក់របស់លោកម៉េត មាសភក្តីបែបនេះគឺក្រោយពីមានការផ្សព្វផ្សាយនូវព័ត៌មានតាមប្រព័ន្ធសង្គមមួយចំនួនដែលមិនមានការពិតថា មានការបិទមិនឲ្យជនបរទេសធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនាសប្តាហ៍ក្រោយនេះ ក្រោយពីមានការរីករាលដាលនៃ ជំងឺ វីរុសកូវីដ ១៩ (COVID-19) ។
ចំពោះព័ត៌មាននេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការច្រើនចោលទាំងស្រុង។ លោក បានមានប្រសាសន៍បញ្ជាក់ទៀតថា កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញដូចជា ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងជុំវិញការបង្ការទប់ស្កាត់នៃជំងឺនេះដោយបានដាក់នូវវិធានការបង្ការនិងទប់ស្កាត់នូវជំងឺនេះជាច្រើនផងដែរ។
លោកបញ្ជាក់បន្ថែមថា ចំពោះអ្នកដែលបំពុលនូវព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់នេះ រដ្ឋបាលរាជធានីភ្នំពេញក៏បាននិងកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លួនចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។
ចំណែករដ្ឋបាលខណ្ឌបឹងកេងកងមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងឲ្យបានជ្រាបថា៖ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង មិនមានការរីករាលដាលជំងឺកូវីដ១៩ និងមិនមានករណីចាំបាច់ណាមួយតម្រូវឲ្យបិទដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង ដូចដែលមានផេកមួយចំនួនធ្វើការផ្សព្វផ្សាយក្នុងបណ្តាញសង្គមនោះឡើយ។ សូមឲ្យប្រជាពលរដ្ឋទាំងអស់មានការនឹងនរក្នុងចិត្ត ថ្វីត្បិតតែជំងឺកូវីដ១៩ មានភាពរីករាលដាលសាហាវ ប៉ុន្តែយើងអាចការពារបាន ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ថែរក្សាអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ ហើយប្រកបមុខរបរអាជីវកម្មប្រចាំថ្ងៃជាធម្មតា ។ រដ្ឋបាលខណ្ឌបឹងកេងកង រង់ចាំបម្រើសេវា និងសន្តិសុខសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត៕ដោយ៖កូឡាប