ភ្នំពេញ ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអះអាងថា ជនជាតិខ្មែរ៣នាក់ នៅកូរ៉េ ឆ្លងកូវីដ១៩ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យ និងមានសុខភាពល្អប្រសើរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ សូមជូនដំណឹងជាបឋមថា ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែរ រៀបការស្វាមីកូរ៉េ ១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។
សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃើញមាន COVID-19 នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងព្យាបាលជិតជាសះស្បើយរួចទៅហើយ។ យប់មិញ (២១ មីនា ២០២០) ក្រុមគ្រូពេទ្យកូរ៉េ បានបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យម្យ៉ុងជី នៅអ៊ីលសាន ដើម្បីពិនិត្យ និងព្យាបាល។
បច្ចុប្បន្ន ស្ថានទូតបាននិងកំពុងតែប្រមូលព័ត៌មានច្បាស់ ការបន្ថែមទៀត និងធ្វើការសម្របសម្រួល ជាមួយក្រសួងការបរទេសកូរ៉េ អាជ្ញាធរសុខាភិបាល មន្ទីរពេទ្យអ៊ីលសានម្យ៉ុងជី និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បន្ថែមពីនោះ កំពុងបញ្ជូនមន្ត្រីចុះទៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីតាមដានពីស្ថានភាពសុខភាព របស់ពួកគាត់នាព្រឹកនេះ។
លោក ឡុង ឌីម៉ង់ បានបង្ហោះនៅក្នុងអាខោនហ្វេសប៊ុកផ្លូវការ របស់លោក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះថា” ព្រឹកនេះ ខ្ញុំបានជួបជជែក ជាមួយប្អូនស្រី ដែលមានផ្ទុកវីរុស covid19 តាមរយៈទូរស័ព្ទ ពីក្នុងមន្ទីរពេទ្យ ដោយមានការអនុញ្ញាតជាពិសេស ពីសំណាក់អាជ្ញាធរសុខាភិបាលកូរ៉េ”។
លោកឯកអគ្គរាជទូត បានឲ្យដឹងទៀតថា “ប្អូនស្រីរួមទាំងម្ដាយ ហើយនិងកូនប្រុស ដែលមានអាយុទើបតែបាន ៣ ខែនោះ កំពុងតែមានសុខភាពល្អប្រសើរ រួមទាំងសុខភាពផ្លូវចិត្តផង។ ស្ថានទូតកម្ពុជា រួមទាំងរូបខ្ញុំផ្ទាល់ នឹងបន្តតាមដានស្ថានភាព សុខភាព របស់ប្អូនស្រី និងម្ដាយ ក៏ដូចជា ទារកនេះ ដោយយកចិត្តទុកដាក់បំផុត រួមទាំងផ្ដល់នូវរាល់កិច្ចសហការនានា ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់ របស់កូរ៉េ”៕ដោយ៖កូឡាប