ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល គ្រោងនឹងយកសាលារៀនចំនួន២កន្លែង ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ សម្រាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជំងឺ covid-១៩ ក្នុងខេត្តកណ្តាល ស្របពេលដែលមានពលករកម្ពុជាប្រហែល១០០០នាក់ បានត្រឡប់មកក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការចាត់វិធានការ ទប់ស្កាត់ជំងឺកូវីដ ១៩ និងវិធានការចំពោះប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី កងកម្លាំងទាំង៣ អភិបាលស្រុក ក្រុង និងមន្ទីរអង្គភាពជុំវិញខេត្ត សរុប៩០នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំលោកគង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ដោយពលករកម្ពុជាប្រហែល១០០០នាក់ បានត្រឡប់មកក្នុងប្រទេសកម្ពុជា តាមច្រកដូង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
លោកបានស្នើឲ្យមន្ត្រីជំនាញ និងលោកអភិបាលក្រុង ស្រុក ពិសេសអាជ្ញាធរ ភូមិ ឃុំ ត្រូវមានវិធានការដូចជា៖ កំណត់ចំនួនពលករ ទើបចូលមកពីប្រទេសថៃឲ្យបានជាក់លាក់ តាមភូមិ ឃុំ ស្រុកនីមួយៗ។ ដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ហើយបើមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។
លោកអភិបាល ក៏បានបញ្ជាក់បន្ថែមទៀតថា ខេត្តកណ្តាល គ្រោងនឹងយកសាលារៀនចំនួន២កន្លែង ដើម្បីត្រៀមក្នុងករណីមានការឆ្លងធ្ងន់ធ្ងរ សម្រាប់ជាកន្លែងដាក់ និងព្យាបាលអ្នកជំងឺ covid-១៩ ក្នុងខេត្តកណ្តាល។
លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុកត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន នៅវិធីសាស្ត្រការធ្វើអនាម័យឲ្យបានញឹកញាប់ កុំមានការប្រមូលផ្ដំគ្នា ចេញក្រៅពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងការបង្ការនៃការឆ្លងវីរុសកូវីដនេះ(covid19)។ ហើយលោកអភិបាលខេត្ត បានឧបត្ថម្ភ ដល់គ្រប់ស្រុក ក្រុង ក្នុងស្រុក ក្រុង នីមួយៗថវិកា៥លានរៀល និងបានណែនាំដល់ស្រុក ក្រុង រៀបចំបង្កើតគណៈកម្មការ ក្នុងការចាត់តាំងអនុវត្តឲ្យបានច្បាស់លាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩នេះ៕ដោយ៖កូឡាប