នារីជនជាតិវៀតណាមម្នាក់ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានគេរាយការណ៍ថាបានក្លាយជាជនរងគ្រោះថ្មី នៃការរើសអើងជាតិសាសន៍ និងការប្រើអំពើហឹង្សា ដែលប្រជាជនអាស៊ីកំពុងជួបប្រទះ ស្របពេលមានការផ្ទុះឡើងនៃជំងឺ COVID-19 ។
នៅក្នុងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនៅសប្តាហ៍នេះ នារីរងគ្រោះឈ្មោះ Amber Mai ដែលកំពុងសិក្សានៅទីក្រុងស៊ីដនី បានអះអាងថា នាងនិងបងប្រុសរបស់នាងត្រូវបានគេធ្វើបាប ដោយសារតែពាក់ម៉ាសមុខនៅលើរថភ្លើង។
អ្នកវាយប្រហារជាមនុស្សបុរសនោះ បានប្រាប់ពួកគេថា ឱ្យត្រឡប់ទៅប្រទេសរបស់ពួកគេវិញទៅ។
Amber ដែលមានឈ្មោះវៀតណាម Phuong Anh បានសរសេរថា «បុរសនោះបានប្រើអំពើហិង្សាមកលើពួកខ្ញុំ ដោយព្យាយាមវាយខ្ញុំ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា។ នាងបន្តថា “ ពួកខ្ញុំត្រូវបានគេប្រាប់អោយត្រឡប់ទៅប្រទេសរបស់ពួកខ្ញុំវិញ។ ហើយនេះមិនមែនជាលើកទី១ទេ ដែលខ្ញុំជួបប្រទះបញ្ហានេះ” ។
Amber បាននិងកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីមួយរយៈពេលមកហើយ ប៉ុន្តែបងប្រុសរបស់នាងបានមកដល់ប្រទេសនេះទើបតែ ៤ ខែប៉ុណ្ណោះ។ នាងអាចចាំបានថា គាត់បានការពារនាងពីអ្នកវាយប្រហារ។
Amber បានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំបានប្រកែកជាមួយគាត់ [អ្នកវាយប្រហារ] ហើយនោះជាមូលហេតុដែលគាត់ខឹង ហើយចាប់ផ្តើមចាក់ស្រាលើពួកខ្ញុំតែម្តង” ។ “ បងប្រុសរបស់ខ្ញុំភ័យខ្លាចពេក គាត់ក៏ចូលទៅឃាត់បុរសនោះមិនឱ្យវាយខ្ញុំ។ ខ្ញុំបានយកជើងទាត់ និងរុញគាត់ ប៉ុន្តែខ្ញុំតូចហើយគាត់មាឌធំ។
ជាអកុសល គ្មាននរណាម្នាក់នៅលើរថភ្លើងព្យាយាមជួយពួកគេទេ។ ហើយខណៈដែលពួកគេអាចធ្វើឲ្យមានការចាប់អារម្មណ៍ពីរបស់អ្នកបើកបរ អ្នកបើកបរក៏បានទៅដល់ពួកគេ បន្ទាប់ពីអ្នកវាយប្រហារបានចាកចេញ។
នាង Amber បានសរសេរថា “អ្វីដែលគួរអោយសោកស្តាយបំផុតនោះ គឺថាទោះបីយើងខំប្រឹងឃាត់បុរសនោះមិនអោយចាកចេញពីស្ថានីយ៍រថភ្លើងក៏ដោយ ក៏គ្មាននរណាម្នាក់ជួយអន្តរាគមន៍បានឡើយ ។ ខ្ញុំគិតថាប្រជាពលរដ្ឋប្រហែលជាចង់ជួយ ប៉ុន្តែវាហាក់ដូចជាមិនធ្ងន់ធ្ងរ ឬពួកគេមិនប្រាកដថាមានអ្វីកំពុងកើតឡើង” ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ nextshark)