រាជធានីភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល និងការចម្លងមេរោគកូវីដ–១៩ (Covid-19) នៅក្នុងឱកាសជួបជុំគ្នាកម្សាន្តសប្បាយនាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាក ការរៀបចំសង្ក្រាន្តវត្តភ្នំដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំរក្សាអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។

បច្ចុប្បន្ន មេរោងកូវីដ១៩ កំពុតរាតត្បាតនៅកម្ពុជា ហើយរាជរដ្ឋាភិបាល បានចាត់វិធានការទប់ស្កាត់ការចម្លង និងការរីករាលដាលនៃមេរោគកូវីដនេះដែរ។ សូមបញ្ជាក់ថា មិនថាតែនៅរាជធានីភ្នំពេញ ដែលមិនប្រារព្ធពិធីសង្ក្រានវត្តភ្នំនោះ សូម្បីតែនៅតាមបណ្តាខេត្តទាំងអស់ គឺរដ្ឋបាលខេត្តនីមួយៗ បានចេញសេចក្តីប្រកាសព័ត៌មានដោយមិនរៀបចំពិធីសង្ក្រាន្ត និងពិធីជួបជុំកម្សាន្តសប្បាយៗផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕ ដោយ៖កូឡាប