ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្ដៅ ពី៣៦ ដល់៣៩អង្សាសេ និងសូមប្រុងប្រយ័ត្ន ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់វាលទំនាបកណ្ដាល ចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមីនា ឆ្នាំ២០២០។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ដីពីស្ថានភាពអាកាសធាតុ បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុ ជាប់ជាបន្ត សង្កេតឃើញថា កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្រប់ដណ្តប់លើកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ដោយតាមការព្យាករចាប់ពីថ្ងៃទី២៤-២៩ ខែមីនា ធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បរមាមានពី២៦-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៦-៣៩អង្សាសេ ។
ផ្នែកមួយចំនួន នៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងមានភ្លៀងនៅក្នុងកម្រិតតិចទៅបង្គួរ ដែលខេត្តដទៃទៀត អាចមានភ្លៀងខ្សោយ ។ ចំណែកនៅបណ្តាខេត្តនៅខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បរមាពី២៥-២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣ -៣៥អង្សាសេ ផ្នែកខ្លះនឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។ បណ្តាខេត្តនៅតំបន់មានសមុទ្រ មានសីណ្ហភាពអប្បរមាពី២៦-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ ផ្នែកមួយចំនួនអាចមានភ្លៀងពីតិច ទៅមធ្យម ។
ស្ថានភាពអាកាសធាតុ បែបនេះ សូមសាធារណជន ថែរក្សាសុខភាពចំពោះការកើនឡើង នៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៤ ដល់ទី២៨ ខែមីនា ឆ្នាំ២០២០៕ដោយ៖កូឡាប