ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមមួយចំនួន ដែលប្រឌិតថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។ លោកក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋរូបណា ដែលជួយផ្ដល់ព័ត៌មានជាក់លាក់ ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ យកមកផ្តន្ទាទោសតាមច្បាប់។
ប្រតិកម្មរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើឡើងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះ បន្ទាប់ពីមានការចែកចាយសំឡេងមួយ ដែលជនអនាមិក ផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដោយសារសំឡេងនេះ ត្រូវបានចែកចាយជាបន្តបន្ទាប់។
លោកអ្នកនាំពាក្យ បានបញ្ជាក់ថា៖ “ព័ត៌មានដែលថា នឹងបិទភ្នំពេញ ជាព័ត៌មានក្លែងក្លាយសុទ្ធសាធ។ សូមបងប្អូនមេត្តាកុំជឿ និងកុំ forward សារសំឡេងនេះ បន្តទៀត នាំមានការយល់ច្រឡំ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងទៀតថា អាជ្ញាធរកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់សំឡេង ដែលថតជាសារនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គមដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ៕ដោយ៖កូឡាប