កំពង់ឆ្នាំង៖ កងទ័ពរឹងមាំ មានជំនាញពិតប្រាកដ គឺអាស្រ័យលើការហ្វឹកហាត់។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញឲ្យពលទាហានថ្មី ត្រូវតែខិតខំធ្វើការហ្វឹកហ្វឺននៅក្នុងសាលា ដើម្បីឲ្យក្លាយជាកងទ័ពមានវិន័យសីលធម៌ រស់នៅល្អ និងមានសមត្ថភាពក្នុងការបំពេញភារកិច្ច។
បើតាមការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលជាមួយពលទាហានថ្មី ចំនួន ១៥៥នាក់ កំពង់ធ្វើការហ្វឹកហ្វឺននៅក្នុងសាលាពលទាហាន របស់យោធភូមិភាគពិសេស ដែលស្ថិតក្នុងភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរចុះជួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេស បានរាយការណ៍ជូនស្តីពីការរីកចម្រើន នៅក្នុងអង្គភាពសាលា និងការហ្វឹកហ្វឺនដល់ពលទាហានថ្មី ១៥៥ នាក់ ដែលកំពុងធ្វើការហ្វឹកហាត់អំពីសណ្តាប់ធ្នាប់ជួរទ័ព វិន័យ ច្បាប់ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំប្រសាសន៍សាកសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់គិតគួរ ចំពោះជីវភាពរស់នៅរបស់កងទ័ព ទាំងនៅសមរភូមិមុខ ក៏ដូចជាសមរភូមិក្រោយជានិច្ច។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីឲ្យកងទ័ពរឹងមាំ មានជំនាញពិតប្រាកដ គឺអាស្រ័យលើការហ្វឹកហាត់។កងយោធពលខេមរភូមិន្ទ ត្រូវតែ ហ្វឹកហ្វឺនឲ្យចេះទាំងយុទ្ធសាស្ត្រយោធា កលយុទ្ធ និងយុទ្ធវិធីរបស់កងទ័ព។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញអោយពលទាហានថ្មី ត្រូវតែខិតខំធ្វើការហ្វឹកហ្វឺននៅក្នុងសាលា ដើម្បីអោយក្លាយជាកងទ័ពមានវិន័យសីលធម៌ រស់នៅល្អ និងមានសមត្ថភាពក្នុងការបំពេញភារកិច្ច។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្នុងពេលដែលជំងឺផ្លូវដង្ហើម(Covid-19) កំពុងរីករាលដាលឆ្លងនៅលើពិភពលោក ដើម្បីធ្វើការទប់ស្កាត់ជំងឺនេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដោយធ្វើការហាត់ប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយមិនត្រូវដែរហើរផ្តេសផ្តាស់ចេញក្រៅសាលានោះឡើយ។
លោក ហ៊ុន ម៉ាណែត បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមយោធាថ្មី ដែលកំពុងធ្វើការហ្វឹកហ្វឺន នៅក្នុងសាលាពលទាហាន របស់យោធភូមិភាគពិសេស ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូយោធាចារ្យពន្យល់ ទាំងទ្រឹស្ដី និងការហ្វឹកហាត់នៅលើទីលានក្តី។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អក្នុងវគ្គ ត្រូវជួយបង្រៀនអ្នកមិនទាន់ចេះ ពិសេសការគោរពវិន័យរបស់សាលា ដើម្បីនៅបញ្ចប់វគ្គទទួលបាននិទ្ទេសល្អ៕ដោយ៖បញ្ញាស័ក្តិ