ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី 24 ខែមីនានេះ បានបង្ហាញ លទ្ធផលវិភាគវត្ថុសំណាក ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួន 4 នាក់ វិជ្ជមានមេរោគកូវីដ១៩ (COVID-19) ថ្មី និងមានអ្នកជាសះស្បើយ ចំនួន៤នាក់ ។
អ្នកឆ្លងថ្មីចំនួន៤នាក់ នៅខេត្តកំពង់ចាម រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ និងស្ត្រីអាយុ៦៩ឆ្នាំ។ ជនជាតិអាមេរិក អាយុ៥៩ឆ្នាំ ជាប្តី និងប្រពន្ធអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ ជាអ្នកដំណើរទេសចរណ៍របស់កប៉ាល់ Viking ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលត្រូវបានដាក់ដោយឡែកចំនួន 14 ថ្ងៃ ហើយត្រូវបានរកឃើញថា មានវីរុសដ៏កាចសាហាវនេះ នៅយប់ថ្ងៃទី 23 ខែមីនា ហើយពួកគាត់ត្រូវដាក់ ឱ្យនៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ រីឯអ្នកដំណើរចំនួន 53 នាក់ផ្សេងទៀត ក្នុងចំណោម 57នាក់ ដែលត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកចំនួន 14 ថ្ងៃនោះ មានលទ្ធផលអវិជ្ជមាន ហើយពួកគាត់ទាំង 53 នាក់នេះ ត្រូវអនុញ្ញាតឲ្យចាកចេញ ពីសណ្ឋាគារមួយ នៅខេត្តកំពង់ចាម។
ចំណែកនៅខេត្តត្បូងឃ្មុំ មានពីរករណី បានជាសះស្បើយ ជាជនជាតិខ្មែរពីស្លាម បុរសអាយុ 61 ឆ្នាំនិងបុរសអាយុ 53ឆ្នាំ ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យខេត្តត្បូងឃ្មុំ នៅថ្ងៃទី 24 នេះរួចហើយ និងនៅខេត្តបាត់ដំបង មានពីរករណី បានជាសះស្បើយ ជាជនជាតិខ្មែរអ៊ីស្លាម បុរសអាយុ41 ឆ្នាំនិងបុរសអាយុ 42 ឆ្នាំ ត្រូវបាន អនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
បើតាមក្រសួងសុខាភិបាល បានបញ្ជាក់តុល្យការ ចុងក្រោយ គិតត្រឹមម៉ោង 21 និង 30 នាទីថ្ងៃទី 24 ខែមីនា ឆ្នាំ 2020 ករណីឆ្លងវីរុសដ៏កំណាចនេះ សរុបទាំងអស់មានចំនួន 91 នាក់ ស្រី 24 នាក់ ដែលក្នុងនោះ មានអ្នកជាសះស្បើយចំនួន 6 នាក់៕ ដោយ៖កូឡាប
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖