មនុស្សយ៉ាងតិច ១០ នាក់ នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបុណ្យសព និង ៥ នាក់ ចូលរួមពិធីមង្គលការនៅប្រទេស អូស្ត្រាលី ស្ថិតក្រោមបទកំណត់ទប់ស្កាត់ថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី Scott Morrison បានប្រកាសពីវិធានការណ៍មួយចំនួន ក្នុងគោលបំណងដើម្បី រក្សាការជួបជុំក្នុងសង្គមឱ្យមានកម្រិតអប្បបរមា។
ការធ្វើដំណើរទៅក្រៅប្រទេសភាគច្រើន នឹងត្រូវហាមឃាត់ ហើយកន្លែងសាធារណៈជាច្រើន ក៏នឹងត្រូវបានបិទផងដែរ។
ច្បាប់ថ្មីនេះដែលនឹងចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធនេះ ត្រូវបានបង្កើតឡើង គឺបន្ទាប់ពីចំនួននៃការឆ្លងបានកើនឡើង។
ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ៤២៧ ករណី ក្នុងរយៈពេល ២៤ ម៉ោង ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២.១៣៦ នាក់ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៨ នាក់។
បើទោះជាវិធានការណ៍តឹងរឹងត្រូវបានអនុវត្តរួចហើយ ដើម្បីកាត់បន្ថយការជួបជុំក្នុងសង្គមដូចជាការបិទហាង និងកន្លែង គោរពបូជា ប៉ុន្តែសាលារៀនជាច្រើននៅតែបើកធម្មតា មិនដូចនៅប្រទេសដទៃទៀតដែលចាត់វិធានការស្រដៀងគ្នា ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគនេះទេ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី Scott Morrison ក៏បានណែនាំប្រជាពលរដ្ឋ «ស្នាក់នៅផ្ទះ ប្រសិនបើមិនចាំបាច់ចេញក្រៅទេ» ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ bbc)